ក្រសួងសុខាភិបាលពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មីទេ​ !

(ភ្នំពេញ)៖ យោងតាមការផ្សាយចេញពីបណ្តាញសង្គមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង​ ៩និង០០​ព្រឹក ថ្ងៃទ៤ ខែកក្កដា ឆ្នាំ២០២០​នេះ ក្រសួងសុខាភិបាលពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មីទេ​ ដែលធ្វើឲ្យចំនួនសរុបកូវីដ-១៩​ ១៤១នាក់​ដដែល និងអ្នកជំងឺកំពុងសំរាកព្យាបាលមាន១០នាក់​ និងជាសះស្បើយសរុប​ចំនួន១៣១នាក់​ និងស្លាប់គ្មាន​។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងបានធ្វេីតេស្តចំនួន​ ៣៩០៩៨នាក់ ស្មេីនឹង​ ២៣៥៥ ក្នុង១លាននាក់។

នាយកដ្ឋានខាងលើ បានបញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ និងត្រូវបន្តអនុវត្តគម្លាតសង្គម​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។

ជាមួយគ្នានោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានបន្តអំពាវនាវ ដល់ប្រជាជនកម្ពុជា បន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា។ ខណៈដែលប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។

គួរបញ្ជាក់ផងដែរថា កម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង