ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបរម៉ូតូរងរបួលធ្ង​ន់​

ភ្នំពេញ​ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបរម៉ូតូរងរបួលធ្ង​ន់​ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ចំណែកឯអ្នកបើកបររថយន្តបានចុះពីរថយន្តព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ប្រជាពលរដ្ឋក៏នាំគ្នាតាមឃាត់បុរសដែលជាអ្នកបើករថយន្តខាងលើ ស្រាប់តែមានការប្រទាញប្រទង់គ្នាបង្កជាហិង្សាមួយប្រ៉ាវ បណ្តាលអោយបុរសម្នាក់រងរបួសបាក់ក្តោងច្រមុះ​។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២០​ នៅតាមបណ្តោយវិថីព្រះនរោត្តម​ កែងផ្លូវ៣៨០ ស្ថិតក្នុងសង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖​ មុនពេលកើតហេតុ​ មានម៉ូតូមួយគ្រឿងម៉ាក​ scopy​ ពណ៌ស​ ស្លាកលេខភ្នំពេញ1HU-2854 បើកបរដោយបុរសម្នាក់វ័យប្រហែល៣០ឆ្នាំ បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ពេលដែលមកដល់ផ្លូវបំបែកកែងផ្លូវ៣៨០​ ស្រាប់តែបុកជាមួយនឹងរថយន្តកាំម៉ា​រី​ ពណ៌ស​ស្លាកលេខភ្នំពេញ2Z-2506​ បើកបរដោយបុរសម្នាក់ក្នុងអការៈស្រវឹងជោគជាំ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវ៣៨០ បណ្តាលឲ្យបុរសដែលជាអ្នកបើកបរម៉ូតូរងរងបួសបាក់ភ្លៅខាងស្តាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗ​ ។ នៅក្នុងហេតុការណ៍នោះអ្នកបើកបររថយន្តបានព្យាយាមចុះពីរថយន្តគេចវេសចេញពីកន្លែងកើតហេតុ ក៏ស្រាប់តែបងប្អូនប្រជាពលរដ្ឋឃាត់ឲ្យបុរសនោះនៅដោះស្រាយសិន ក៏មានការផ្ទុះហិង្សាដាក់គ្នាមួយប្រ៉ាវ បណ្តាលឲ្យបុរសម្នាក់ដែលព្យាយាមការពារអ្នកបើកបររថយន្តនោះរងរបួសបាក់ក្តោងច្រមុះ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលហេតុបានមកដល់កន្លែងកើតហេតុ​ ដើម្បីវាស់វែងរថយន្តនិងម៉ូតូយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលបឹងកេងកង១ រងចាំការដោះស្រាយគ្នាពេលបន្ត​ រីឯបុរសដែលរងរបួសបាក់ក្តោងច្រមុះត្រូវបានព្យាបាលដោយខ្លួនឯង នៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង