កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួន ជនសង្ស័យពីបទ លួចទូរស័ព្ទដៃនៅចំណុចក្នុងផ្សារបឹងកេងកង

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួន ជនសង្ស័យពីបទ លួចទូរស័ព្ទដៃនៅចំណុចក្នុងផ្សារបឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើត នាវេលាម៉ោង២និង៣០នាទី ថ្ងៃខែខាងលើ ជនមកផ្សារបឹងកេងកង ដើម្បីទិញស្បែងជើងពាក់ ពេលកំពុងដើររកទិញស្រាប់តែ ឃើញជនរងគ្រោះ ស្ពាយកាបូបពីក្រោយ ដោយកាបូបនោះចំហរូត ឃើញលុយ និងទូរស័ព្ទ ជនសង្ស័យក៏បានធ្វើសកម្មភាពលូកដៃយកទូរស័ព្ទដៃ របស់ជនរងគ្រោះពីក្នុងកាបូប។

ភ្លាមនោះជនរងគ្រោះងាកឃើញទាន់ក៏ចាប់ដៃជនសង្ស័យជាប់ ហើយស្រែកថាចោរៗ បន្ទាប់មកសន្ដិសុខផ្សារ និងសមត្ថកិច្ចយើងល្បាតទៅដល់ ក៏ឃាត់ខ្លួនជនសង្ស័យនាំយកទីស្នាក់ការប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដើម្បីធ្វើការសាកសួរតែម្ដង។

ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ចាន់ ធាវី ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកឯជនរងគ្រោះ ឈ្មោះ ចក ច័ន្ទម៉ល្លីកា ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៧៦ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានមុខរបរ ជាបុគ្គលិកជីបម៉ុង ។

វត្ថុតាងចាប់យក ទូរស័ព្ទដៃចំនួន 01គ្រឿង ម៉ាក iPhone Xmas ពណ៌ទឹកមាស សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង