រថយន្តសង្រ្គោះមួយគ្រឿង មានបំពាក់ឧបករណ៍សង្រ្គោះបឋមមួយកំផ្លេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនដល់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្តាល

(កណ្តាល)៖ រថយន្តសង្រ្គោះថ្មីស្រឡាងមួយគ្រឿង មានបំពាក់ឧបករណ៍សង្រ្គោះបឋមមួយកំផ្លេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនដល់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្តាល ទុកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពស្នងការដ្ឋាន ។

ពិធីប្រគល់-ទទួលនេះធ្វើឡើងស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយលោកឧត្តមសេនីយ៍ត្រី សំ អុន តំណាងបញ្ជាការដ្ឋានជាតិ កម្លាំពិសេសប្រឆាំភេរវកម្ម ជាអ្នកប្រគល់ ហើយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលជាអ្នកទទួល ។

លោកឧត្តមសេនីយ៍ត្រី សំ អុន តំណាងឲ្យបញ្ជាការដ្ឋានជាតិ កម្លាំពិសេសប្រឆាំភេរវកម្ម បានអោយដឹងថា រថយន្តសង្រ្គោះដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ នោះជាប្រភេទរថយន្តម៉ាកស្តារិច ពណ៌ស ស៊េរីឆ្នាំ២០០៨ ក្នុងរថយន្តនេះមានបំពាក់ឧបករណ៍សម្រាប់សង្រ្គោះបឋមរួចជាស្រេច ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភរថយន្តសង្រ្គោះដល់ ស្នងការដ្ឋាននគរ បាលខេត្តកណ្តាល ។ រថយន្តដែលជាអំណោយដ៏ថ្លៃថ្លានេះ លោកនឹងប្រគល់ទៅអោយការិយាល័យសុខាភិបាលជាអ្នកគ្រប់គ្រង ប្រើប្រាស់ទុកសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះអាសន្ន ឬឧបទវហេតុគ្រោះថ្នាក់ជាយថាហេតុណាមួយ ។

លោកស្នងការ ផ្តាំផ្ញើរដល់លោកនាយការិយាល័យសុខាភិបាល ពិសេសអ្នកប្រើប្រាស់ផ្ទាល់ ត្រូវខិតខំថែរក្សារថយន្តសង្រ្គោះមួយគ្រឿងនេះអោយបានល្អប្រសើរធានាដល់គុណភាពប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង