សហរដ្ឋអាមេរិកមិនអាចធានាចំពោះការអភិវឌ្ឍ បាន នូវវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព នោះឡើយ ហើយលោកក៏បានព្រមានដែរថា សន្ទុះនៃការឆ្លងយ៉ាងគំហុកប្រចាំថ្ងៃ…..

(វ៉ាស៊ីនតោន)៖ អ្នកជំនាញជាន់ខ្ពស់អាមេរិកលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បានព្រមានថា សហរដ្ឋអាមេរិកមិនអាចធានាចំពោះការអភិវឌ្ឍ បាន នូវវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព នោះឡើយ ហើយលោកក៏បានព្រមានដែរថា សន្ទុះនៃការឆ្លងយ៉ាងគំហុកប្រចាំថ្ងៃ អាចនឹងធ្វើឲ្យចំនួនករណីឆ្លងនៅអាមេរិកកើនឡើងទ្វេដង ប្រសិនបើអាមេរិកបរាជ័យក្នុងការដាក់វីរុសនេះ ឲ្យស្ថិតនៅក្នុងការគ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលអាមេរិក រដ្ឋកាលីហ្វ័រញ៉ា, តិចសាស់ និងបណ្តារដ្ឋមួយចំនួនទៀត បានរាយការណ៍ពីករណីឆ្លងថ្មីៗ កើនឡើងយ៉ាងគំហុកតែម្តង ចាប់តាំងពីការបើកប្រទេសឡើងវិញ និងការផ្ទុះបាតុកម្មតវ៉ាជាបន្តបន្ទាប់ រាប់ពីចុងខែឧសភា មកទល់ពេលនេះ។

ជុំវិញបញ្ហានេះ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាមេរិកលោក Anthony Fauci បានលើកឡើងថា «វាពិតជាសំខាន់ខ្លាំងណាស់ ដែលត្រូវមានវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសនេះ។ វ៉ាក់សាំងជាច្រើន កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងធ្វើតេស្តនៅឡើយ។ យើងមិនអាចធានាបានទេថា… យើងអាចមានវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពនោះ។ ដូច្នេះសូមគ្រប់គ្នាបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យឆ្លងវីរុសនេះ»។

បើតាមការព្រមានរបស់លោក Fauci បច្ចុប្បន្នអត្រាឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកគឺស្ថិតនៅខ្ទង់ ៤០,០០០ករណីក្នុងមួយថ្ងៃៗ ប៉ុន្តែប្រសិនបើយើងធ្វេសប្រហែស នោះអាមេរិកនឹងអាចមានអ្នកឆ្លង ១០០,០០០ករណីក្នុងមួយថ្ងៃជាក់ជាមិនខាន។ បច្ចុប្បន្នករណីឆ្លង COVID-19 នៅអាមេរិកសរុបមានជាង ២.៧លានករណី ក្នុងនោះស្លាប់ ១៣ម៉ឺននាក់ និងជាសះស្បើយវិញជាង ១.១៤លាននាក់៕

អត្ថបទដែលជាប់ទាក់ទង