តួលេខអ្នកស្លាប់ដោយសារ COVID-19 មានចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២៤ម៉ោង គិតចាប់តាំងពីវីរុសនេះផ្ទុះឡើងដំបូង

(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអុីរ៉ង់បានបង្ហាញទិន្នន័យកាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនាថា តួលេខអ្នកស្លាប់ដោយសារ COVID-19 មានចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២៤ម៉ោង គិតចាប់តាំងពីវីរុសនេះផ្ទុះឡើងដំបូង ក្នុងប្រទេសអ៊ីស្លាមមួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានរាយការណ៍ថា មានមនុស្សចំនួន ១៦២នាក់ បានស្លាប់នៅពីថ្ងៃចន្ទសប្តាហ៍នេះ ដែលលើសចំនួនក្នុងកំណត់ត្រាចាស់កាលពីថ្ងៃទី០៤ ខែមេសា ដែលចំនួនអ្នកស្លាប់មានត្រឹមតែ ១៥៨នាក់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងសុខាភិបាល​បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍រដ្ឋថា មកដល់នឹងពេលនេះ សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានចំនួនអ្នកស្លាប់សរុបមាន ១០,៦៧០នាក់ ក្នុងចំណោមករណីឆ្លង COVID-19 សរុបមាន ២២៥,២០៥ ខណៈដែល អ្នកជាសះស្បើយសរុបមានចំនួន ១៨៦,១៨០នាក់។

ចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃ​បានកើនឡើងយ៉ាងគំហុកកាលពីសប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបន្ថូរបន្ថយការរឹតត្បិតជាបណ្តើរៗ​ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមេសា។ មន្ត្រីជាន់ខ្ពស់អុីរ៉ង់បានព្រមានថា វិធានការរឹតត្បិតនឹងអនុវត្តឡើងវិញ ប្រសិនបើបទបញ្ជារបស់ក្រសួងសុខាភិបាល​ក្នុងការទប់ស្កាត់ការឆ្លងមិនមានប្រសិទ្ធភាព។ បន្ថែមពីនេះរដ្ឋាភិបាតេហេរ៉ង់ ក៏បានសម្រេចដាក់ខេត្តចំនួន ០៨ ជាតំបន់ក្រហមផងដែរ។

យោងតាមគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអុីរ៉ង់ លោក ហាសាន់ រួហានី មនុស្សដែលចេញទៅទីប្រជុំជន «ត្រូវតែពាក់ម៉ាសជាដាច់ខាត់» តាមការកំណត់ដោយក្រសួងសុខាភិបាល ដែលនឹងចូលជាធរមាននៅថ្ងៃទី០៥ ខែកក្កដា។ លើសពីនេះទៅទៀត រដ្ឋាភិបាលអុីរ៉ង់នឹងធ្វើការវាយតម្លៃម្តងទៀតថា តើត្រូវបន្តវិធានការនេះដល់ថ្ងៃទី ២២ ខែកក្កដាដែរឬក៏យ៉ាងណា៕

អត្ថបទដែលជាប់ទាក់ទង