ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា យ៉ាង​ប្រណិត និង​ធំ​ស្កឹមស្កៃ​កណ្តាល​រាជធានី​ភ្នំពេញ តម្លៃ​ជាង​៣០​លាន​ដុល្លារ ត្រូវ​ប្រារព្ធ​ពិធីសូត្រមន្ត ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើនរូប​ផ្សេងទៀត អញ្ជើញ​ប្រារព្ធ​ពិធីសូត្រមន្ត ឡើង​អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ពោរពេញ​ដោយ​ប្រណិត​ភាព និង​ធំ​យ៉ាង​ស្កឹមស្កៃ​កណ្តាល​រាជធានី​ភ្នំពេញ​ក្នុង​យុគ្គសម័យ​នៃ​ការអភិវឌ្ឍ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​ត្រូវបាន​ប្រារព្ធ​ពិធីសូត្រមន្ត​ប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​។​

​វិធី​សូត្រមន្ត​ឡើង​អាគា​ថ្មី​នេះ គឺ​ប្រារព្ធ​ឡើង​ចំ​នឹង​ថ្ងៃ​ខួប​លើក​ទី​៦៩ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨ មិថុនា ១៩៥១- ២៨ មិថុនា​ឆ្នាំ​២០២០)​។ អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ពោរពេញ​ដោយ​ប្រណិត​ភាព និង​ធំ​យ៉ាង​ស្កឹមស្កៃ​កណ្តាល​រាជធានី​ភ្នំពេញ​ក្នុង​យុគ្គសម័យ​នៃ​ការអភិវឌ្ឍ​ដ៏​រុងរឿង​នោះ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​។ វត្តមាន​ថ្មី​នៃ​អគារ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ក្លាយទៅជា​កន្លែង​ប្រតិបត្តិ​ការងារ​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល និង​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​អគារ​នេះ​មាន​បណ្ដោយ​១៥០​ម៉ែត្រ​, ទទឹង​៧៤​ម៉ែត្រ​។ កម្ពស់​អគារ​គិត​អំពី​ទីលាន​មហាជន​ខាងមុខ​រហូត​ទៅដល់​កំពូល​ពេជ្រ​មាន​កម្ពស់ ៤៨​ម៉ែត្រ​។ ជាន់​ផ្ទាល់​ដី​មាន​ចំណតរថយន្ត​ជាង ៥០០​ចំណត និង​ទីធ្លា​មុខ​អគារ​សម្រាប់​មហាជន​អាច​ចត​រថយន្ត​បាន ៣០០​គ្រឿង​។ នៅ​ជាន់​លើ គឺមាន​សាល​សម្រាប់​ប្រជុំ​ជា​លក្ខណៈ​មហាជន ឬក៏​មិ​ទ្ទិញ​បាន​ចំនួន​ប្រមាណ​ជា ១​ម៉ឺន​នាក់​។

​អគារ​នេះ​មាន​កម្ពស់ ៥​ជាន់ ដោយមាន​សាល​បដិសណ្ឋារកិច្ច ដែលមាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣​ពាន់​ម៉ែត្រក្រឡា អាចដាក់​មនុស្ស​អង្គុយ​បាន​ជាង ៤,០០០​នាក់​, មាន​អាហារ​ដ្ឋា​ន​នៅ​ផ្នែក​ខាងត្បូង​អគារ ដែល​អាចដាក់​មនុស្ស​បាន​ចំនួន ១២០​នាក់​ក្នុង​មួយពេល​។​

​អគារ​នេះ​មាន​បន្ទប់​សោតទស្សន៍ បន្ទប់​កាត់សក់ បន្ទប់​រដ្ឋបាល មាន​បន្ទប់​សម្រាប់​ជនពិការ មាន​បន្ទប់​ឃ្លាំង មាន​បន្ទប់​សម្រាប់​កង​ការពារ បន្ទប់​ប្រជុំ​គណៈ​ប្រចាំការ និង​បន្ទប់​ប្រជុំ​អន្តរជាតិ មាន​ការិយាល័យ​សម្រាប់​សម្រាក និង​ការិយាល័យ​សម្រាប់​សម្ដេច​ប្រធានកិត្តិយស ការិយាល័យ​សម្រាប់​ប្រឹក្សា​គណៈអចិន្ត្រៃយ៍ ការិយាល័យ​ដែលជា​សាល​សមាជិក​អចិន្ត្រៃយ៍ និង​បន្ទប់​ទទួលទាន​អាហារ​។ អគារ​នេះ​ក៏មាន​សាល​លៀង​យ​ភោជន៍​ដាក់​មនុ​ស្សបាន​១៥០​នាក់ និង​បន្ទប់​រៀបចំ​អាហារ​។​
​ចំណែក​នៅ​ជា​ន់ទី​៥ មាន​សាលប្រជុំ​ធំ ដែលមាន​ចំនួន​កៅអី​អាចដាក់​បាន​ប្រមាណ ៣,៤៧៤​នាក់ មា​នទី​សម្រាក​នៅ​សងខាង​ដែល​អាចដាក់​មនុស្ស​បាន ៣,៤៧០​នាក់​ផងដែរ​។​
​អគារ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​សាងសង់ឡើង​ជាមួយនឹង​ក្បូ​ក្បាច់​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ និង​មាន​ភាពល្អ​ប្រណិត​។ ពី​ខាងក្រៅ​អគារ​ទាំងមូល​ត្រូវបាន​រំលេច​ទៅដោយ​ពណ៌​ស ដែលជា​និមិត្តរូប​នៃ​ភាពស្មោះស​បរិសុទ្ធ​សម្រាប់​ជាតិ និង​ប្រជាជន​។​

​ស្ថាបត្យករ​សាងសង់​អគារ​នេះ បាន​គូសបញ្ជាក់ថា អគារ​ត្រូវបាន​សាងសង់ឡើង​ក្រោម​រចនាបថ​ថ្មី ហៅថា​រចនាបថ​រួម​សម័យ​ដោយសារ​មាន​រចនាបទ​បី​រួម​ចូលគ្នា​។ រចនាបទ​ទាំង​៣​នោះ​រួមមាន​៖​ទី​១) រចនាបថ​ប្រាសាទអង្គរវត្ត ទី​២) រចនាបថ​បន្ទាយស្រី និង​ទី​៣) រចនាបថ​កណ្ដាល​។ រចនាបទ​ទាំង​៣​រួមបញ្ចូល​គ្នា​ត្រូវបាន​ហៅថា «​រចនាបថ​រួម​សម័យ​»​។​
​វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ស្រស់ស្អាត​នៃ​អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រំលេច​រូបរៀង​ឡើង​ក្នុង​គម្រប់​ខួប​៦៩​ឆ្នាំ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​។​
​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១​។ គណបក្ស​នេះ បានក្លាយ​ទៅជា​គណបក្ស​នយោបាយ​មួយ ដែល​បាន​បំពេញបេសកកម្ម​យ៉ាងសកម្ម​ជាទីបំផុត ដើម្បី​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ជាតិ​កម្ពុជា​។​

ចាប់តាំងពី​ចាប់បដិសន្ធិ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ដោយ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។​

​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​ត្រូវ​ធ្លាក់​ក្នុង​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្កឡើង​ចាប់ពី​ខែមេសា ឆ្នាំ​១៩៧៥ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បាន​ក្រោកឈរ​តស៊ូ​ហើយ​បាន​ប្រមូលផ្ដុំ​រាល់​កម្លាំង​ស្នេហា​ជាតិ បង្កើតឡើង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស និង​ដឹកនាំ​ចលនា​ប្រជាជន​នៅ​ទូទាំងប្រទេស​វាយ​ផ្ដូ​ល​រំលំ​របប​ដ៏​យង់ឃ្នង​នេះ​។​

​ចាប់តាំងពី​ពេល​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​មក គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​ធម្ម​ពោធិ៍​សាល ជា ស៊ីម​, សម្តេច​ពញា​ចក្រី ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​នោះ បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស ដែល​ត្រូវបាន​បាត់បង់​ទាំងស្រុង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​បន្ថែម​ពីលើ​នោះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើជា​កម្លាំង​ស្នូល​ក្នុងការ​ដំណើរការ​បង្រួបបង្រួម​ជាតិ រហូត​សម្រេចបាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ស្ដីពី​ដំណោះស្រាយ​នយោបាយ​បញ្ហា​កម្ពុជា នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ជា​កម្លាំង​បង្អែក​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​កិច្ចព្រមព្រៀង ឈានទៅ​ការបង្កើត​របបរាជានិយម​ថ្មី​។​
​របបរាជានិយម​ទី​២ ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹងប្រែង​បង្រួបបង្រួម​ជាតិ ដឹកនាំ​ស្ដារ និង​កសាង​សេដ្ឋកិច្ច សង្គម​ឡើងវិញ​ពី​លេខ​សូន្យ ធ្វើ​ឲ្យ​គ្រប់​វិស័យ​បាន​រស់​ឡើងវិញ និង​មាន​ស្ថិរ​ភាពជា​ជំហានៗ ដែល​បាន​បង្ក​បុព្វបទ​ជា​មូលដ្ឋាន​សម្រាប់​ការស្ដារ និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​ជឿនលឿន​គួរ​ជាទី​មោទនភាព​មកដល់​បច្ចុប្បន្ន​នេះ​។​

​អគារ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រំលេច​ខ្លួន​កណ្តាល​រាជធានី​ភ្នំពេញ ជាការ​ឆ្លុះ​បង្ហាញឱ្យឃើញ​ពី​អានុភាព ក៏ដូចជា​ភាព​មហស្ចារ្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការដឹកនាំ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​គួរ​ជាទី​មោទនភាព​ជាច្រើន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ចាប់តាំងពី​ក្រោយ​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​នា​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩​។​
​វត្តមាន​អគារ​ដ៏​ស្កឹមស្កៃ​នៃ​អគារ​ក៏​ជាការ​បង្ហាញឱ្យឃើញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការរួបរួម សាមគ្គីភាព និង​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​បង្អែក​មិនអាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគតកាល​៕​

អត្ថបទដែលជាប់ទាក់ទង