ចិនត្រូវបានគេរាយការណ៍ថា កំពុងបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ ទៅកាន់តំបន់ទីបេ ដើម្បីបង្វឹក និងបណ្ដុះបណ្ដាលកងទ័ពរបស់ខ្លួន

(ប៉េកាំង)៖ ចិនត្រូវបានគេរាយការណ៍ថា កំពុងបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ ទៅកាន់តំបន់ទីបេ ដើម្បីបង្វឹក និងបណ្ដុះបណ្ដាលកងទ័ពរបស់ខ្លួន ដែលកំពុងឈរ ជើង នៅតាមតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។

សារព័ត៌មានចិន CCTV បានឱ្យដឹងថា គ្រូក្បាច់គុនចម្រុះ២០នាក់ មកពីក្លឹប Enbo Fight Club នឹងត្រូវបញ្ជូនឱ្យទៅឈរជើង ក្នុងទីក្រុង Lhasa នៃតំបន់ទីបេ ដោយ មិនបានទទួលស្គាល់ថាតើគ្រូក្បាច់គុនចម្រុះទាំងនេះ នឹងជួយបណ្ដុះបណ្ដាលកងទ័ពចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា ដែរឬក៏យ៉ាង នោះទេ។ ប៉ុន្តែ ព័ត៌មាននេះកើតឡើង បន្ទាប់ពីកងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចដោយហិង្សា នៅឯតំបន់ព្រំដែនជម្លោះ Galwan កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ។

គួរបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៥ ខែមិថុនា កងទ័ពចិន និងកងទ័ពឥណ្ឌា បានប្រើប្រាស់ដុំថ្ម និងដំបង វាយសំពងគ្នាទៅវិញទៅមក ដោយបណ្ដាល ឱ្យកងទ័ពឥណ្ឌាយ៉ាងហោច ២០នាក់ស្លាប់ ខណៈមកទល់នឹងពេលនេះ ចិនមិននៅតែមិនបញ្ជាក់ថាកងទ័ពរបស់ខ្លួនស្លាប់ ឬរបួសប៉ុន្មាននាក់នោះទេ។ នៅក្រោម កិច្ចព្រមព្រៀង ឆ្នាំ១៩៩៦ កងទ័ពឥណ្ឌា និងចិន មិនអាចប្រើប្រាស់កាំភ្លើង ឬគ្រឿងផ្ទុះណាមួយ នៅក្នុងតំបន់ជម្លោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង