ឃាតកចាក់សម្លាប់ប្រពន្ធមួយកាំបិតស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមកាលពីថ្ងៃទី២២ ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ​

(ភ្នំពេញ-កំពង់ធំ)៖ ឃាតកចាក់សម្លាប់ប្រពន្ធមួយកាំបិតស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមកាលពីថ្ងៃទី២២ ខែមិថុនានៅខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ។

ប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយចាប់ខ្លួនបានជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធ ព្រោះតែរឿងប្រច័ណ្ឌ ហើយថ្ងៃកើតហេតុ រូបគេចាក់ប្រពន្ធតែមួយកាំបិតប៉ុណ្ណោះក៏ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅយប់នេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបញ្ជូនជនសង្ស័យមករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា អំពើឃាតកម្មនេះបានកើតឡើង នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ រីឯជនសង្ស័យចជាប្ដីឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង