ដើមត្រសេកដ៏ធំមួយដើមដួលរលំកាត់ទទឹងផ្លូវ ក្រោយភ្លៀងធ្លាក់លាយឡំខ្យល់បក់យ៉ាងខ្លាំង សំណាងមិនគ្រោះថ្នាក់ដល់អ្នកដំណើរ

រាជធានីភ្នំពេញ ៖ ដើមត្រសេកដ៏ធំមួយដើម ដែលដុះនៅលើចិញ្ចើមផ្លូវ បានដួលរលំកាត់ទទឹងផ្លូវកម្ពុជាក្រោម ក្រោយពីមេឃភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំងផងដែរ តែសំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវឡើយ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចខាងកើតស្តុបសន្ធរម៉ុក ប្រហែល១០០ម៉ែត្រ លើផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្ដីលោកពូសន្តិសុខម្នាក់ដែលយាមក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា កាលពីអំឡុងពេលដែលមេឃកំពុងតែមានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បក់កន្ត្រាក់ខ្លាំងផងដែរនោះ បានធ្វើឲ្យដើមឈើដ៏ធំមួយដើម ដែលដុះលើចិញ្ចើមផ្លូវទល់មុខអាហារដ្ឋានយីហោ កំពង់ត្រាំ១ ដែលស្ថិតនៅខាងកើតស្តុបសន្ធរម៉ុកប្រហែល១០០ម៉ែត្រនោះ បានបាក់គល់ដួលរលំទទឹងលើផ្លូវកម្ពុជាក្រោមតែម្តង។ ក្នុងហេតុការណ៍ដួលរលំដើមឈើដ៏ធំមួយដើមនេះដែរ មិនបានបង្កឲ្យអ្នកដំណើរតាមផ្លូវណាម្នាក់រងគ្រោះថ្នាក់ឡើយ ព្រោះម៉ោងកើតហេតុនោះ នៅតាមផ្លូវកម្ពុជាក្រោម ពុំទាន់ឃើញមានប្រជាពលរដ្ឋចេញមកធ្វើដំណើរឆ្លងកាត់ទៅណាមកណានៅឡើយ។

បច្ចុប្បន្នក្រោយពេលមានកើតហេតុ គេឃើញកម្លាំងសមត្ថិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានចុះមកដល់កន្លែងដើមឈើរលំ ហើយធ្វើការបញ្ចៀសចរាចរណ៍សិន ដើម្បីកុំឲ្យមានការកកស្ទះ និងរាយការណ៍ប្រាប់ដល់អាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ និងអាជ្ញាធរខណ្ឌទួលគោក បានដឹង និងទំនាក់ទំនងទៅខាងសណ្ដាប់ធ្នាប់ខណ្ឌ ឬខាងមន្ទីរសាធារណៈការក្រុង ដើម្បីចុះមកកាត់យកមែកនិងដើមឈើ ដែលបាក់រលំទទឹងផ្លូវនោះចេញពីផ្លូវ ព្រោះជិតភ្លឺហើយ ចៀសវាសកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង