ប្រទេសថៃអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលខ្លួនស្រាវជ្រាវអាចមានតម្លៃ ១,០០០បាត ឬជាង ៣០ដុល្លារ ក្នុងមួយដូស

យោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការចំណាយលើវ៉ាក់សាំងការពារជំងឺ COVID-19 នឹងមានតម្លៃប្រហែល ១,០០០ បាត ឬ ៣២ ដុល្លារអាមេរិក ក្នុងមួយដូស ប្រសិនបើការស្រាវជ្រាវរបស់ថៃឈានដល់ដំណាក់កាលពិសោធន៍ជោគជ័យ នាំឱ្យមានការផលិតទ្រង់ទ្រាយធំ។ លោកវេជ្ជបណ្ឌិត Kiat Ruxrungtham នាយកមជ្ឈមណ្ឌលឧត្តមភាពក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង នៅឯសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) បានផ្តល់ការប៉ាន់ស្មាននេះ នៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយតាមវិទ្យុ CU ។

លោក Kiat Ruxrungtham បាននិយាយថា៖«តម្លៃត្រូវបានកំណត់មិនឱ្យលើសពី ១,០០០បាត ក្នុងមួយដូសនោះទេ»។ ចំណែកមជ្ឈមណ្ឌលរបស់លោក កំពុងសហការជាមួយរោងចក្រផលិតជីវឥន្ធនៈបរទេសចំនួន ២ ដែលមួយក្នុងចំណោមនោះគឺ TriLink នៅសហរដ្ឋអាមេរិកសម្រាប់ការផលិតវ៉ាក់សាំងបេក្ខភាព mRNA ។ យោងតាមលោកវេជ្ជបណ្ឌិតបានឱ្យដឹងថា រោងចក្រទាំងនេះធ្លាប់បានប៉ាន់ស្មានតម្លៃថាវ៉ាក់សាំងមួយគឺថ្លៃ ៣០ ដុល្លារអាមេរិក នៅក្នុងការផលិតដំបូងចំនួន ២ លានដូស។

លោក Kiat Ruxrungtham បានបន្ថែមថា ក្នុងមនុស្សម្នាក់ត្រូវការយាងហោចណាស់វ៉ាក់សាំ ២ ម្ជុល ហើយពួកគេរំពឹងថា នឹងអាចផលិតវាបានរហូតដល់ទៅរាប់សិបលានដូស នៅពាក់កណ្ដាលឆ្នាំ២០២១ ឬចុងឆ្នាំ២០២១ ប្រសិនបើពួកគេរៀបចំទាន់។ វាអាស្រ័យលើវ៉ាក់សាំងដែលឆ្លងកាត់ការសាកល្បងលើមនុស្ស ដែលរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ២០២០ ប្រហែលជានៅខែតុលាឬវិច្ឆិកា។ គួរឱ្យដឹងដែរថា ក្រុមអ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌលកាលពីថ្ងៃច័ន្ទ បានចាក់វ៉ាក់សាំងលើកទី២ ទៅក្នុងសត្វស្វា ដែលវាបានទទួលការចាក់វ៉ាក់សាំងលើកដំបូងកាលពីខែមេសា។ ការធ្វើតេស្តនេះបានចាប់ផ្តើមជាមួយនឹងការចាក់វ៉ាក់សាំងសត្វកណ្តុរនៅខែមីនា លុះក្រោយមកទៀតក៏ឈានដល់ការតេស្ដលើសត្វស្វា។

វេជ្ជបណ្ឌិត Kiat Ruxrungtham បាននិយាយថា យ៉ាងហោចណាស់មានភ្នាក់ងារ ៣ ផ្សេងទៀតនៅក្នុងប្រទេសថៃក៏កំពុងធ្វើតេស្តលើវ៉ាក់សាំងការពារ COVID-19 ផងដែរ ដូចជា៖ សាកលវិទ្យាល័យ Mahidol, ទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និង Bionet Asia ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់ថៃ-បារាំង៕

អត្ថបទដែលជាប់ទាក់ទង