ស្នងការខេត្តសៀមរាប បកស្រាយបំភ្លឺ ក្រោយធ្លាយវិដេអូប្រជាការពារ ស្លៀកឯកសណ្ឋាននគរបាលជាតិ ចុះចាក់សោកង់ឡានគេនៅក្នុងហ្គារ៉ាស់សាំង

រឿងរ៉ាវដែលមហាជននៅលើបណ្តាញសង្គម Facebook នាំគ្នាចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ ដោយសារតែមានសមត្ថកិច្ចមួយក្រុមស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ចុះទៅធ្វើការចាក់សោកង់រថយន្ត នៅតាមស្ថានីយលក់ប្រេងឥន្ទនៈ ក្នុងក្រុងសៀមរាប រហូតផ្ទុះការរិះគន់ពេញបណ្តាញសង្គម។ ក្នុងនោះដែរស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើសេចក្តីបំភ្លឺជូនមហាជន ដើម្បីកុំអោយមានការយល់ច្រឡំ ដោយក្នុងនោះស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបរាប់ថា៖

“សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប! ដើម្បីចៀសវាងការយល់ច្រឡំរបស់មហាជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម facebook ស្នងការដ្ឋាននគរបាលខេត្តសៀមរាបសូមធ្វើការបកស្រាយជូនដូចខាងក្រោម÷

១-យើងខ្ញុំសូមបដិសេធឃ្លីបវីដេអូដែលបានបង្ហោះ និងខ្លឹមសារអត្ថាធិប្បាយចោទប្រកាន់កម្លាំងសមត្ថកិច្ចនគរបាលយកសោចាក់កង់ឡានរបស់ភ្ញៀវចូលទៅចាក់សាំងនៅហ្គារ៉ាស់សាំងនោះ។
២-សកម្មភាពនោះ គឺកម្លាំងចំរុះសហការជាមួយប្រជាការពារបានយកសោចាក់កង់រថយន្ដតាក់ស៊ី ដែលពួកគាត់គេចវេសដោយមិនព្រមចូលបេន តាមសេចក្តីណែនាំរបស់សាលាខេត្តលេខ ០០១.១៩ សណន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: និងបរិស្ថាន អនាម័យនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
៣.ស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានសិទ្ធិសម្រេចទទួលយកកិច្ចសហការរបស់ក្រុមការងារប្រជាការពារជាមួយកងកម្លាំងនគរបាលជាតិដើម្បីអនុវត្តបទបញ្ជា និងសេចក្តីណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងទឹកដីខេត្ត-ក្រុងសៀមរាប។

សូមបញ្ជាក់ជូនថា កន្លងមកក្រុមរថយន្ដតាក់ស៊ីមួយចំនួនតូចទាំងនេះ គឺពួកគាត់ពុំព្រមចូលចាប់ភ្ញៀង និងដាក់ភ្ញៀវនៅក្នុងបេនតាមការណែនាំរបស់អាជ្ញាធរខេត្តឡើយ ពួកគាត់តែងតែយកកន្លែងស្ថានីយ៍ប្រេង ឬភោជនីយដ្ឋាន និងទីតាំងជួសជុលរថយន្ត ធ្វើជាជំរកដើម្បីជាលេសក្នុងការចាប់ម៉ូយនៅតាមដងផ្លូវដែលធ្វើអោយមានភាពរញ៉េរញ៉ៃ និងបាត់បង់សណ្តាប់សាធារណៈ ក៏ដូចជាសោភណ្ឌភាពក្រុងសៀមរាប មានពេលខ្លះធ្វើអោយបាត់សម្ភារ:របស់ភ្ញៀវទៀតផង ។ ជាក់ស្តែងគឺដូចករណីខាងលើនេះ គីគាត់យកឡានទៅចតនៅហ្គារ៉ាស់សាំង ហើយពួកគាត់ចេញមកចាប់ម៉ូយយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវ ទោះយើងខិតខំណែនាំពួកគាត់យ៉ាងណាក៏គាត់មិនព្រមស្តាប់ និងហៅគាត់ទៅណែនាំក៏មិនព្រមទៅ ទើបកម្លាំងចំរុះយើងសម្រេចចិត្តយកសោទៅចាក់កង់ឡាន។
សូមសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមកុំមានការយល់ច្រឡំ និងសូមកុំមានការបកស្រាយបំភ្លើសពីការពិត ជេរប្រមាថ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តច្បាប់។”

អត្ថបទដែលជាប់ទាក់ទង