ស្នងការខេត្តសៀមរាប សរសេរលិខិតសុំទោស សម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន ព្រោះតែប្រជាការពារម្នាក់ ស្លៀកពាក់ជានគរបាល ខុសក្បួន

កាលពីពេលថ្មីៗនេះផ្ទុះការរិះគន់មួយក្រោយពេលដែលស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រើប្រាស់កំលាំងប្រជាការពារ ដើម្បីចុះធ្វើការងាររៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានប្រជាការពារម្នាក់បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ។ ក្នុងនោះដែរនៅមុននេះបន្តិច លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសរសេរលិខិតនៅលើ Facebook ដើម្បីធ្វើការសុំទោសសម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយលិខិតនោះបានសរសេរថា៖

“លិខិតសុំទោស ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាបឋម ខ្ញុំបាទសូមគោរពសុំទោសចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ករណីដែលខ្ញុំបាទបានប្រើប្រាស់កំលាំងប្រជាការពារ(ដោយបុគ្គលនោះ ពាក់ឯកសណ្ឋាននគរបាលជាតិដោយខ្លួនឯង) ចុះប្រតិបត្តិការការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី23 ខែ06 ឆ្នាំ2020 ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ ខ្ញុំបាទគោរពជម្រាបជូនថាបច្ចុប្បន្ននេះ ខ្ញុំបាទនិងអោយមន្ត្រីជំនាញចាត់វិធានការណ៍ ហៅបុគ្គលនេះមក អប់រំណែនាំ។

សូមគោរពអរគុណ និងអរគុណ”

 

អត្ថបទដែលជាប់ទាក់ទង