គេងហៀរទឹកមាត់ មិនមែនសុទ្ធតែទម្លាប់ទេ អាចជាបញ្ហាសុខភាពត្រូវការការព្យាបាល

និយាយត្រង់ចុះ គ្មានអ្នកណាចូលចិត្តគេងហៀរទឹកមាត់ទេ សូម្បីគ្នាយើងចូលចិត្ត​គេងហៀរខ្លួនឯងក៏មិនចង់ដែរ តែខ្លះថាធ្វើម៉េចបើទម្លាប់បែបនេះចង់កែក៏មិនបាន ខ្លះថាគេងហៀរដោយ​មិនដឹងខ្លួន។ ប៉ុន្តែ ការ​គេងហៀរទឹកមាត់គ្នាយើងភាគច្រើនគិតថាជាទម្លាប់នោះ មិនត្រូវទាំងស្រុង​ទេត្រូវនិយាយថា វាជាបញ្ហាសុខភាពដែលត្រូវដោះស្រាយ។ ខាងក្រោមនេះ អាចពន្យល់គ្នាយើងឲ្យដឹងខ្លះៗ ពីបញ្ហាសុខភាពមួយចំនួននាំឲ្យគេងហៀរទឹកមាត់។

១- ទីតាំង និងរបៀបគេង

មូលហេតុភាគច្រើនបណ្តាលឲ្យគេងហៀរទឹកមាត់ គឺដោយសារទីតាំង និង​របៀបគេង អំឡុងពេលដែលយើងកំពុងលង់លក់តែម្តង ដែលនាំទឹកមាត់ងាយនឹងចេញមកក្រៅដោយសារទំនាញផែនដី។ ទីតាំងយើងគេង ជារឿយៗនាំឲ្យទឹកមាត់មានឱកាសហូរចេញមកក្រៅបានយ៉ាងងាយ ខណៈគ្នាយើងមួយចំនួនមានទម្លាប់គេងបែរទៅចំហៀង ឬគេងផ្កាប់មុខ តែងជួបបញ្ហាហៀរទឹកមាត់ពេលគេងនេះឯង ពិសេសពេលយើងព្យាយាមដកដង្ហើមតាមមាត់ ឬគ្នាយើងមានប្រហោងច្រមុះតូចចង្អៀត ជាហេតុនាំឲ្យ​ដំណក់​ទឹក​មាត់​ដែល​ប្រមូលផ្តុំ​អាចហៀរចេញមកក្រៅ ពេលយើង​បើកមាត់ដកដង្ហើម។

២- ស្ទះឆ្អឹង ឬរន្ធច្រមុះ

បើគ្នាយើងហៀរសំបោរដោយសារជំងឺផ្តាសាយ ឬដោយសារឆ្លងរោគអ្វីមួយនៅច្រមុះ អាចនឹងសង្កេតឃើញថា ចំនួនទឹកមាត់របស់យើងនឹងកើនឡើងខុសធម្មតា។ បើយើងឧស្សាហ៍មានបញ្ហារលាកច្រមុះ ឬប្រហោងឆ្អឹងច្រមុះខុសពីអ្នកផ្សេង យើងច្បាស់ជាសង្កេតឃើញមានសម្បូរទឹកមាត់គ្រប់ពេលតែម្តង។ ការស្ទះរន្ធច្រមុះ កាន់តែជំរុញឲ្យយើងដកដង្ហើមតាមមាត់ច្រើនជាងមុនអំឡុងពេលគេង ហើយការដកដង្ហើមតាមមាត់ដូចរៀបរាប់ខាងលើ​នឹង​ធ្វើឲ្យទឹកមាត់ហូរ​ចេញ​មកក្រៅបានយ៉ាងងាយ។

៣- ជំងឺច្រាលទឹកក្រពះ

ជំងឺច្រាលទឹកក្រពះ (GERD) មកពីពាក្យពេញ Gastroesophageal reflux disorder សំដៅលើអាការៈច្រាលទឹកអាស៊ីដពីក្នុងក្រពះមកខាងលើចូលទៅក្នុងបំពង់អាហារ នាំឲ្យខូតខាតបំពង់អាហារតែម្តង។ ជំងឺ GERD អាចបង្កឲ្យមានបញ្ហាពិបាកលេបអាហារ ឬធ្វើឲ្យយើងមានអារម្មណ៍ជាប់ដុំអ្វីមួយនៅបំពង់ក ហើយអារម្មណ៍នេះ នឹងនាំឲ្យគ្នាយើងមួយចំនួន​កើនទឹកមាត់កាន់​តែ​ច្រើន ពិសេសអំឡុងពេលគេង។

៤- ឥទ្ធិពលពីថ្នាំពេទ្យ

ថ្នាំពេទ្យមួយចំនួន​អាចនាំឲ្យយើងកើនឡើងកម្រិតទឹកមាត់។ ជាក់ស្តែងពពួកថ្នាំ Antipsychotic ពិសេសថ្នាំ Clozapine និងថ្នាំប្រើព្យាបាលជំងឺ Alzheimer (ជំងឺម្យ៉ាងដែល​កើត​លើ​ប្រព័ន្ធសរសៃ​ប្រសាទរបស់​មនុស្ស​ចាស់​ដូចជាធ្លាក់ចុះការគិត ឬភ្លេចភ្លាំង​) ក៏សុទ្ធតែបង្កឲ្យហៀរទឹកមាត់ដូចគ្នា។ រីឯពពួកថ្នាំផ្សះ ក៏នាំឲ្យកើនកម្រិតទឹកមាត់ច្រើនដែរ។

៥- បញ្ហាពិបាកលេបអាហារ

ពាក្យបច្ចេកទេហៅថា Dysphagia គឺសំដៅលើលក្ខខណ្ឌណាមួយនៃបញ្ហាពិបាកលេបអាហារ។ នៅពេលកម្រិតទឹកមាត់យើងកើនឡើងកាន់តែច្រើន ក៏អាចជារោគសញ្ញាបញ្ហាសុខភាពមួយនេះ។ ជំងឺ Parkinson’s ជំងឺ Muscular dystrophy និងមហារីកមួយចំនួន​សុទ្ធតែអាចបង្កឲ្យពិបាកលេបអាហារបាន។

៦- ជំងឺគេងមិនដកដង្ហើម

នៅពេលយើងមានជំងឺគេងមិនដកដង្ហើម ដំណេករបស់យើងនឹងរងការរំខាន ដោយសាររាងកាយឈប់ដកដង្ហើមពេលខ្លះអំឡុងពេលគេង។ គេងហៀរទឹកមាត់​អាចជាកត្តាប្រឈមបង្កទៅជាជំងឺគេងមិនដកដង្ហើម ដែលជាអាការៈសុខភាពធ្ងន់ធ្ងរមួយ ទាមទារធ្វើរោគវិនិច្ឆ័យឲ្យបានជាក់លាក់។ បើគ្នាយើងមានបញ្ហាគេងហៀរទឹកមាត់ពេលយប់ យើង​ត្រូវសួរខ្លួនឯងថា តើនឹងមានរោគសញ្ញាជំងឺគេងមិនដកដង្ហើមដែរឬ​ទេ ខណៈរោគសញ្ញាជំងឺនេះមានដូចជា៖

– ស្រមុកខ្លាំង
– ភ្ញាក់ពីដំណេកភ្លាមៗ ឬមានអារម្មណ៍មិនអាចដកដង្ហើមបាននៅពេលយប់
– មានបញ្ហាផ្ចង់អារម្មណ៍ ឬពិសេសផ្តោតលើអ្វីមួយនៅពេលថ្ងៃ
– ទើបតែភ្ញាក់បានប៉ុន្មានម៉ោង ស្រាប់តែងងុយគេងខ្លាំង
– ឈឺ ឬស្ងួតក ពេលក្រោកពីគេង

បើប្រទះខ្លួនឯងមានបញ្ហាដូចរៀបរាប់ខាងលើ កុំអែអង់ ត្រូប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

អត្ថបទដែលជាប់ទាក់ទង