ប្រទេសកូរ៉េខាងជើងកំពុងត្រៀម បញ្ជូនខិតប័ណ្ណឃោសនាទ្រង់ទ្រាយធំ នៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ដើម្បីជាការសងសឹកទៅកូរ៉េខាងត្បូងវិញ

(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងកំពុងត្រៀម បញ្ជូនខិតប័ណ្ណឃោសនាទ្រង់ទ្រាយធំ នៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ដើម្បីជាការសងសឹកទៅកូរ៉េខាងត្បូងវិញ ដែលបានបណ្តែតបណ្តោយឲ្យអ្នកនយោបាយរត់ចោលជួរកូរ៉េខាងជើង បន្តបង្ហោះខិត្តប័ណ្ណប្រឆាំងនឹងមេដឹកនាំរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានចុះផ្សាយយ៉ាងដូច្នេះថា «ប្រជាជនកូរ៉េខាងជើង ដែលមានកំហឹងនៅទូទាំងប្រទេស កំពុងជំរុញឆ្ពោះទៅមុខយ៉ាងសកម្ម ជាមួយនឹងការត្រៀមលក្ខណៈចែកចាយខិត្តប័ណ្ណ ដ៏ច្រើនសន្ធឹកសន្ធាប់គរដូចជាភ្នំ ដើម្បីថ្កោលទោសអ្នកនយោបាយរត់ចោលស្រុករបស់កូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បុង»។ KCNA បានសង្កត់ធ្ងន់ទៀតថា «រាល់សកម្មភាពទាំងអស់ គួរតែត្រូវបានឆ្លើយតបជាមួយនឹងប្រតិកម្មដែលសមរម្យ ត្បិតថានៅពេលខ្លួនបានប្រព្រឹត្តទង្វើអ្វី ហើយទង្វើនោះបានឡងតបមកខ្លួនឯងវិញនោះ ទើបអាចដឹងាថាអារម្មណ៍ពិតដូចម្តេច»។

គួរជម្រាបថា ក្រោយពីមានសកម្មភាពបង្ហោះខិត្តប័ណ្ណ ប្រឆាំងរបបដឹកនាំកូរ៉េខាងជើង ពីសំណាក់ជនភៀសខ្លួនកូរ៉េខាងជើង ដែលបានរត់ទៅជ្រកកោននៅប្រទេសកូរ៉េខាងត្បូង នៅតាមព្រំដែនប្រទេសទាំងពីររួចមក ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ បានស្គាល់ភាពតានតឹងឡើងខ្លាំងសារជាថ្មីម្តងទៀត។ ត្បិតថាកូរ៉េខាងជើងបានចោទកូរ៉េខាងត្បូងថា មានចេតនាអាក្រក់ក្នុងការបណ្តែតបណ្តោយ ឲ្យសកម្មភាពទាំងនោះកើតឡើង បើទោះបីជាខ្លួនព្រមានម្តងហើយម្តងទៀត យ៉ាងណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង