ករណីប្រទាញប្រទាញប្រទង់គ្នាមួយទាំងព្រឹកព្រលឹម​ដោយប្រពន្ធដើមតាមទាន់ប្ដី មានស្រីថ្មី ខណ:មិនទាន់លែងលះគ្នាដាច់ស្រេច

(ភ្នំពេញ)៖ មានករណីប្រទាញប្រទាញប្រទង់គ្នាមួយទាំងព្រឹកព្រលឹម នៅត្រង់បន្ទប់ជួលលេខ១៥ ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រពន្ធដើមតាមទាន់ប្ដី មានស្រីថ្មី ខណ:មិនទាន់លែងលះគ្នាដាច់ស្រេចផង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៦ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាប្តីឈ្មោះ យ.រ អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល មានស្រុកកំណើត នៅក្នុងភូមិចុងព្រៃ ឃុំជ្រៃស្រុករមាសហែក ខេត្តស្វាយរៀង និងស្នាក់នៅផ្ទះជួលខាងលើជាង២ខែមកហើយ រីឯនារីជាប្រពន្ធដើមឈ្មោះ ប.ច.ន អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិចុងព្រៃជាមួយគ្នាដែរ។
ចំណែកនាងដែលជាស្រីថ្មីអាយុ៣៥ឆ្នាំ មុខរបរកម្មការនីរោងចក្រកាត់ដេរ មានស្រុកកំណើត នៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប សព្វថ្ងៃស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុ។

តាមការរៀបរាប់ពីសំណាក់ប្រពន្ធដើម បានឲ្យដឹងថា កន្លងមកខ្លួន តែងតែតាមរកប្ដីគ្រប់ទីកន្លែង រហូតទីបំផុតក៏បានរកឃើញ ប្ដីកំពុងសម្ងំដេកសោយសុខ ជាមួយស្រីថ្មីម្នាក់ ក្នុងបន្ទប់ជួល រួចក៏យកខ្សែចងទ្វារពីខាងក្រៅជាប់ បន្ទាប់មកបានទៅដាក់ប្ដឹងនគរបាល និងអាជ្ញាធរសង្កាត់ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍តែម្តង។

ស្ត្រីជាប្រពន្ធដើមខាងលើ បានប្រាប់ឲ្យដឹងទៀតថា គាត់និងប្ដីបានរៀបការត្រឹមត្រូវ តាមច្បាប់អស់រយ:ពេល១២ ឆ្នាំកន្លងមកហើយ និងមានចំណងដៃកូនប្រុសម្នាក់អាយុ១១ឆ្នាំ និងកូនស្រីម្នាក់ទៀត អាយុ៦ឆ្នាំ។

នាងបានបន្ថែមទៀតថា មួយរយ:ចុងក្រោយនេះ ក្នុងគ្រួសារតែងតែមានភាពរកាំរកូស រស់នៅហាក់មិនចុះសម្រុងនឹងគ្នាសោះ និងមានទំនាស់កើតឡើងជាញឹកញាប់។ រហូតឈានដល់ការលែងលះគ្នា តែនៅមិនទាន់លែងដាច់ស្រេច នៅឡើយទេ។ ក្រោយពីមានទំនាស់គ្នាកើតឡើងមក ប្ដីរបស់គាត់ បានចាកចេញពីផ្ទះបាត់ស្រមោល អស់រយ:ពេល២ខែ មកហើយ គាត់ខំតាមរកគ្រប់ទីកន្លែង រហូតដល់វេលាព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ទើបឃើញកំពុងដេក នៅក្នុងបន្ទប់ជួលខាងលើ ជាមួយស្រីថ្មី។ ដោយឃើញដូច្នេះ ក៏បានយកខ្សែចងទ្វារពីខាងក្រៅ រួចបានទៅប្ដឹងនគរបាល និងអាជ្ញាធរសង្កាត់ចោមចៅទី ៣ ឲ្យជួយអន្តរាគមន៍តែម្ដង ដើម្បីហៅប្ដី និងស្រីក្រោយទៅធ្វើការដោះស្រាយគ្នា។

ចំណែកឯបុរសជាប្ដី បានប្រាប់ឲ្យនគរបាលឲ្យដឹងថា គាត់ និងប្រពន្ធ បានទាន់លែងលះគ្នាដាច់ស្រេចទេ តែដោយសារមិនអាចរស់នៅជាមួយគ្នាតទៅទៀត ទើបគាត់សម្រេចចិត្តចាកចេញពីផ្ទះ ហើយមកសាងស្នេហ៍ ថ្មី អស់រយ:ពេលជាង២ខែមកហើយ។ ម្យ៉ាងទៀតគាត់ មិនបានលួចលាក់មានស្រីថ្មីអីទេ គឺនារីក្រោយនេះ គាត់យកមកធ្វើជាប្រពន្ធរបស់គាត់តែម្ដង។

រីឯនាងក្រោយ បាននិយាយថា នាងគឺជាស្រីមេម៉ាយ បានសុខចិត្តយកបុរសខាងលើជាប្ដី និងមិន បានលួចប្ដីគេទេ ព្រោះនៅពេលបានស្គាល់គ្នា ឈានដល់ការទំនាក់ទំនងស្នេហានេះ បុរសខាងលើ បានប្រាប់នាងថា ជាបុរសពោះម៉ាយ ទើបនាងព្រមយកធ្វើជាប្ដី។

ក្រោយកើតហេតុលោកចៅសង្កាត់ចោមចៅទី៣ បានហៅភាគីទាំង៣ ទៅកាន់សាលាសង្កាត់ ធ្វើការសម្របសម្រួលគ្នា ដោយខាងប្រពន្ធដើម ទាមទារអាហារកិច្ច ដើម្បីចិញ្ចឹមកូនក្នុង១ខែ៣០ម៉ឺនរៀល ភ្លាមៗនោះបុរសជាប្ដីរួមជាមួយប្រពន្ធក្រោយ បានយល់ព្រមជូនតាមសំណើ រួចក៏ធ្វើកិច្ចសន្យាបញ្ចប់រឿង ហើយបែកផ្លូវទៅផ្ទះរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង