ប្រជាពលរដ្ឋខ្មែរចំនួន ១៤៣នាក់ ដែលបានខកខានដំណើរ កាលពីថ្ងៃទី០៧ ខែមេសា នឹងមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា

(ភ្នំពេញ)៖ ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនាថា បន្ទាប់ពីបានពិភាក្សាជាបន្តបន្ទាប់ និងសម្របសម្រួលអស់រយៈពេល១ខែកន្លះ រវាងស្ថានទូត និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ពាក់ព័ន្ធទៅនឹងករណីប្រជាពលរដ្ឋខ្មែរចំនួន ១៤៣នាក់ ដែលបានខកខានដំណើរកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានរៀបចំនៅជើងហោះហើរពាណិជ្ជកម្មមួយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមជើងយន្តហោះ MH762 ហើយបានចាកចេញពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៤ និង៣០នាទីរសៀល ហើយនឹងមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង៥ និង២៥នាទីល្ងាចថ្ងៃដដែល។

សូមបញ្ជាក់ថា អ្នកដំណើរជាពលរដ្ឋខ្មែរសម្រាប់ជើងយន្តហោះខាងលើនេះ មានចំនួនសរុប ២១៩ នាក់ ហើយក្នុងចំណោមអ្នកខកខានដំណើរ (១៤៣នាក់) កាលពីថ្ងៃទី០៧ ខែមេសា គឺមានចំនួន១១៥នាក់តែប៉ុណ្ណោះ ដោយហេតុថា មានអ្នកដំណើរខ្លះពុំបានផ្ដល់ព័ត៌មានមកស្ថានទូត និងមួយចំនួនសម្រេចមិនត្រឡប់មកកម្ពុជាក្នុងអំឡុងពេលនេះ ពីព្រោះត្រូវចូលធ្វើការវិញ ហើយអ្នកខ្លះទៀតជិតដល់ពេលចូលសាលាវិញ។ ចំណែកអ្នកដំណើរចំនួន១០៤នាក់ផ្សេងទៀត គឺជាភ្ញៀវដែលក្រុមហ៊ុនលក់សំបុត្របន្ថែម ហើយបានរួមដំណើជាមួយគ្នា ហើយជើងយន្តហោះដដែលនេះ នឹងដឹកអ្នកដំណើរជនជាតិម៉ាឡេស៊ី ចំនួន១៦៤នាក់ ពីប្រទេសកម្ពុជា ត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ដដែលផងដែរ។

ទាក់ទងបញ្ហាពលរដ្ឋខ្មែរដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងកូឡាឡាំពួ ធ្លាប់បានច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានលើកឡើងថា មានអ្នកខកដំណើរខ្លះបានធ្លាក់ខ្លួនដល់ថ្នាក់ដើរសុំទានគេ ។ ស្ថានឯកអគ្គរាជទូតកម្ពុជាបញ្ជាក់ថា បន្ទាប់ពីមានគោលការណ៍របស់រាជរដ្ឋាភិបាលអនុញ្ញាតឲ្យអ្នកដំណើរអាចវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានធ្វើកំណត់ទូតស្នើទៅក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដើម្បីដឹកពួកគាត់ត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងអំឡុងពេលដែលជើងហោះហើរពាណិជ្ជកម្មទាំងអស់ រវាងម៉ាឡេស៊ី និងកម្ពុជាបានផ្អាកជាបណ្ដោះអាសន្ន។ លើសពីនេះស្ថានទូតបានស្នើសុំក្រុមហ៊ុនកុំឲ្យបន្ថែមតម្លៃសំបុត្រ ក្នុងករណីក្រុមហ៊ុនអាចរៀបចំជើងហោះហើរក្នុងអំឡុងពេលនេះបាន។

ជាមួយគ្នានោះស្ថានទូតក៏បានស្នើសុំទៅក្រសួងការបរទេសម៉ាឡេស៊ី ផ្ដល់ការអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អាចទេរៀបចាំជើងហោះហើរក្នុងអំឡុងពេល ដែលបទបញ្ជារឹតបន្តឹងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ីកំពុងនៅជាធរមាន ហើយស្ថានទូតតែងតែតាមដានជាប់ជាប្រចាំ នូវកិច្ចការនេះ ក៏ប៉ុន្តែពុំទាន់មានការឆ្លើយតបពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅឡើយទេ ហើយកាលបរិច្ឆេទថា ត្រូវត្រឡប់ទៅប្រទេសកម្ពុជាបាននៅពេលណា វាអាស្រ័យទៅលើការរៀបចំរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង