មនុស្ស ៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍….

(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងនាទៀបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណត់ផ្លូវជាតិលេខ៥ ទល់មុខផ្សារថ្មីអូរតាប៉ោង ចន្លោះគីឡូម៉ែត្រលេខ ២១៥-២១៦ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយសារអ្នកបើកបរក្នុងសភាពងងុយដេក ជ្រុលធ្លាក់ពីលើផ្លូវ។

សមត្ថកិច្ចនគរបាលស្រុកបាកាន បានប្រាប់ ឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងលើរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5382 បើកបរដោយឈ្មោះ ម៉ម ណាំ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខ្វិត ឃុំខ្វិត ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់), អ្នករួមដំណើរឈ្មោះ រ៉ាត់ នី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) និងឈ្មោះ គិន ពន្លក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (រងរបួសស្រាល)។

សមត្ថកិច្ចបានបន្តថា រថយន្តនោះមានផ្ទុកគ្បឿង ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ អ្នកបើកបរងងុយដេកមួយភាំង បានរ៉េចង្កូតក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវពីខាងត្បូង ចាក់គ្បឿងពេញផ្លូវតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដោយឡែកវត្ថុតាងត្រូវបានស្ទូចទៅរក្សាទុក រងចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង