សមត្ថកិច្ចឃាត់ទំនិញប្រគល់ឲ្យខាងសាខាគយសង្ស័យបង់ពន្ធមិនគ្រប់

(ប៉ៃលិន) ប្រជាពលរដ្ឋ ចំនួន៣គ្រួសារ បានរួមគ្នាទិញឥវ៉ាន់ដឹកតាមរថយន្តមួយគ្រឿង ចេញពីច្រកទ្វារអន្តរជាតិបានឡែមក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីយកទៅលក់ដូរនៅក្នុងក្រុងប៉ៃលិន ជារៀងរាល់ពេលជាធម្មតាមិនដឹងជាយ៉ាងណា ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តប៉ៃលិន ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលទើបនឹង ឡើងកាន់តំណែងថ្មីៗ ចុះចាប់ឃាត់បញ្ជូនទៅសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ខណ:ម្ចាស់ទំនិញអះអាងថា បានបង់ពន្ធជូនគយរួចរាល់អស់ហើយ

ម្យ៉ាងវិញទៀត បើគេរកឃើញបទល្មើសក៏ផាក តាមនោះចុះព្រោះពួកគាត់ រកស៊ីរបរលក់កំប៉ិកកំប៉ុកឱ្យប្រជាពលរដ្ឋយកទៅលក់ដូរនៅតាមភូមិមិន ចំណេញប៉ុន្មាននោះទេ

ហេតុការណ៍សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តប៉ៃលិន ដឹកនាំដោយព្រះរាជអាជ្ញាចុះឃាត់រថយន្តប្រជាពលរដ្ឋដឹកទំនិញបញ្ជូនទៅសាខាគយ និងរដ្ឋាករ ខេត្តប៉ៃលិន បានកើតឡើងកាលពីវេលាម៉ោង និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន

ប្រភពព័ត៌មានពីលោក ច្រឹក កុយ ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃ លិន ក្រុងប៉ៃលិន និងលោកលុច ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអាជីវករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានឱ្យដឹងដូចៗគ្នាថា ការដឹកទំនិញចេញពីច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង យកទៅលក់ដូរនៅក្នុងផ្សារខេត្តប៉ៃលិន  គឺមាន៣ម្ចាស់ (រថយន្ត១គ្រឿង) ដោយធ្វើការបង់ពន្ធ ជូនគយច្រកទ្វារអន្តរជាតិដូង រួចរាល់អស់ហើយ

ចំណែកខាងគយសាខាខេត្តប៉ៃលិន ខាងលោក មិនបានបង់ជូនទៀតនោះទេ គ្រាន់តែជូនថ្លៃបាយទឹកតិចតួចប៉ុណ្ណោះព្រោះបើបង់២កន្លែង ខាងលោកគ្មានប្រាក់សល់សម្រាប់ចិញ្ចឹមជីវិតនោះឡើយ

ពលរដ្ឋបន្តថា កាលពីច្រកទ្វារអន្តរជាតិព្រំ នៅបើកដំណើរការខាងលោកដឹកតាមម៉ូតូពីមុន គឺតែងតែចូលបង់ជូនទៅខាងនគរបាលសេដ្ឋកិច្ចក្រសួង ជាប្រចាំមិនហ៊ានគេចម្តងណាឡើយ លុះក្រោយពីមានការផ្លាស់ប្តូរថ្មី ខាងលោកមិនដឹងជាទៅរកមេកើយនៅឯណា ក៏ផ្អាកបង់ជូន លុះរហូតមកដល់ពេលនេះ បន្ទាប់ពីដឹកទំនិញចេញពីច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង យកទៅលក់ដូរនៅផ្ទះរបស់ខ្កួននៅក្នុងខេត្តប៉ៃលិន ស្រាប់តែត្រូវគេចាប់ឃាត់រថយន្ត បញ្ជូនទៅសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ដោយអត់ដឹងមូលហេតុតែម្តង

  ប្រភពបន្តទៀតថា ទំនិញដែលដឹកចេញពីប្រទេសថៃមកខេត្តប៉ៃលិន ដើម្បីលក់ដូរជូនអាជីវករតាមផ្សារ និងតាមភូមិមានដូចជា នំក្មេង ចាហួយ មីកញ្ចប់ ទឹកក្រូចឌីដូ ទឹកក្រូចដបតូចៗ សាប៊ូ ប្រេងឆា ពោលគឺឥវ៉ាន់ចាប់ហួយតែប៉ុណ្ណោះ

ក្នុង១ខែ ការដឹកមកលក់ដូរនៅក្នុងខេត្តប៉ៃលិនត្រឹមតែ២ទៅ៣ជើងប៉ុណ្ណោះ ព្រោះបច្ចុប្បន្នសម័យកូវីឌលំបាកក្នុងការរកស៊ីលក់ដូរខ្លាំង ម្យ៉ាងវិញទៀត បើសិនជាទំនិញរបស់ខ្លួន អត់បង់ពន្ធនៅច្រកទ្វារអន្តរជាតិដូងទេ គឺមិនអាចដឹកចេញបាននោះឡើយ

ប៉ុន្តែ បន្ទាប់ពីឃើញមានសមត្ថកិច្ច ចុះទៅស្ទាក់ឃាត់ ឆែកឆេរទំនិញរបស់ខ្លួនបែបនេះ មិនដឹងជាគិតយ៉ាងម៉េចដែរ ទី១. ខាតពេលវេលារកស៊ី ទី២. មានការព្រួយបារម្ភខ្លាចខាតបង់ថវិកា ដោយត្រូវគេរឹបអូសយកឥវ៉ាន់ទាំងនោះ ខាងលោកក៏សំណូមពរ ឱ្យអាជ្ញាធរខេត្ត ជួយរកដំណោះ ស្រាយជូនខ្លួនផងដែរ ព្រោះការដឹកទំនិញនេះ គឺទុកលក់ដូរឱ្យអ្នកក្រីក្រទេមិនមែនទំនិញជួញដូរធំ ដុំដូចអ្នកផ្សេងឡើយ

បើតាមលោក ឆម ម៉េត ប្រធានការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តប៉ៃលិន បានឱ្យដឹងថា ខាងលោកកំពុងធ្វើការសាកសួរម្ចាស់ទំនិញ និងម្ចាស់រថយន្ត តាមបទបញ្ជា ព្រោះមានការសង្ស័យ ល្មើសច្បាប់សេដ្ឋកិច្ច

ចំណែក លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹងដែរថា ខាងលោកកំពុងឱ្យខាងនគរបាលសេដ្ឋកិច្ចរៀបចំធ្វើរបាយការណ៍ រួចបញ្ជូនទៅខាងសាខាគយ ដើម្បីធ្វើការត្រួតពិនិត្យមើលទាំងអស់គ្នាដោយនៅពេលនេះ ទាំងទំនិញ និងរថយន្ត ត្រូវបានបញ្ជូន ត្រឡប់ពីគយសាខាខេត្តប៉ៃលិន ទៅរក្សាទុកនៅស្នងការនគរបាលខេត្តប៉ៃលិន

អត្ថបទដែលជាប់ទាក់ទង