ក្រសួងសុខាភិបាល បានចេញគោលការណ៍ចំនួន ៦ ចំនុចដើម្បីបង្គាប់ឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយណែនាំ អប់រំ ឱ្យប្រជាជនមានការយល់ដឹង និងការចូលរួមក្នុងការទប់ស្កាត់ បញ្ហាពុលស្រា….

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០នេះ បានចេញគោលការណ៍ចំនួន ៦ ចំនុចដើម្បីបង្គាប់ឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយណែនាំ អប់រំ ឱ្យប្រជាជនមានការយល់ដឹង និងការចូលរួមក្នុងការទប់ស្កាត់ បញ្ហាពុលស្រា និងកាត់បន្ថយ ឬជៀសវាងការបរិភោគស្រា នៅក្នុងពិធីបុណ្យផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន។

លិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង ចេញផ្សាយនៅថ្ងៃទី ១៣ ខែមិថុនា នេះ ឱ្យដឹងទៀតថា អាជ្ញធរអភិបាលរាជធានីខេត្ត ត្រូវផ្សព្វផ្សាយដល់ប្រជា​ជនឱ្យបានយល់ដឹងពីហានិភ័យ និងផលវិបាក ដែលបណ្តាលមកពីគ្រឿងស្រវឹង ដូចជាប៉ពាលដល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គម គ្រួសារ និងអាយុជីវិត។ ក្រសួងក៏ស្នើឱ្យអាជ្ញាធរពិនិត្យ និងរៀបចំខ្សែសង្វាក់ផលិតកម្មស្រាឱ្យបានត្រឹមត្រូវ និងមានអនាម័យល្អតាមគោលការក្បួនច្បាប់។

វិធានការបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល កើតមានឡើង បន្ទាប់ពីមានករណី​ពុល​ស្រា នៅខេត្តបន្ទាយមានជ័យបណ្តាល ឱ្យមនុស្ស ចំនួន ៧ នាក់ បានស្លាប់បាត់​បង់ជីវិត និង៣៤ នាក់ផ្សេងទៀត​កំពុងព្យាបាលសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

អ្នកស្រីឱវ៉ាន់ ឌីន ថ្លែងប្រាប់សារព័ត៌មានថា អ្នកពុលស្រា តាំងគួយ នៅខេត្តបន្ទាយ​មាន​ជ័យ មានចំនួន ៤១ នាក់ រីឯអ្នកស្លាប់កើនឡើង ៧ នាក់ គិតត្រឹមថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០។

លោក ម៉ម ប៊ុន ហេង លើកឡើងថា ការផ្ទុះឡើងនៃការពុលស្រា នៅខេត្តបន្ទាយមានជ័យ បណ្តាលមកពីមានសារធាតុមេតាណុលក្នុងស្រាលើសកម្រិត ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរហូតដល់អាយុជីវិត ដូចករណីនៅខេត្តកំពង់ឆ្នាំង និងក្រចេះដែលកើតមានឡើងកន្លងទៅថ្មីៗនេះ។

គិត្រឹមថ្ងៃទី ១៣ ខែមិថុនានេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា តាំងគួយ នៅខេត្តបន្ទាយមានជ័យ បានកើនឡើង ដល់ ៧ នាក់ អ្នកធ្លាក់ខ្លួនឈឺ កំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៣៤នាក់។

សមត្ថកិច្ច បានបិទទីតាំងយីហោ ផលិតស្រាតាំងគួយ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយម្ចាស់ទីតាំងផលិតបានរត់គេចខ្លួន បន្ទាប់ពីលឺដំណឹងថាមានករណីស្លាប់ដោយសារពុលស្រាតាំងគួយ នៅខេត្តបន្ទាយមានជ័យ។

អាជ្ញាធរ បានចុះរឹបអូសយកស្រាយីហោ ម៉ាកតាំងគួយ តាមបណ្តារកន្លែងលក់ចាប់ហួយនានានៅទូរទាំងប្រទេស រាប់ម៉ឺនដប គិតមកដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាម ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង