សម្តេចតេជោ ហ៊ុន សែន បានថ្លែង អំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យបន្តចូលរួម ទប់ស្កាត់ជំងឺកូវីដ-១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០នេះ បានថ្លែង អំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យបន្តចូលរួម ទប់ស្កាត់ជំងឺកូវីដ-១៩។ សម្តេចថ្លែងថា« សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាតដ៏សាហាវបំផុតដែលមកទល់ពេលនេះចំនួនអ្នកឆ្លងរោគលើពិភពលោកបានកើនឡើងគួរអោយបាមរម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់ទាន់មានដែរ។

សម្តេចនាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យ ប្រជាពលរដ្ឋប្រើម៉ាសពាក់ការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ អាល់កុលឬចឹល។ កុំទៅកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនបើគ្មានការចាំបាច់។ បើដឹងថាខ្លួនឯងសុខភាពល្អហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែសឬមើលស្រាលលើជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាលើកឡើងថា «ថ្ងៃ នេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគកូវីដ-១៩បានកើនឡើង 7,410,510 នាក់ហើយ រីឯចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 418,294 នាក់ដែរ»។

ជាមួយគ្នានេះ សម្តេចតេជោ ទទូចឱ្យ ប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ អោយសោះ ទោះបីរស់នៅទីក្រុងឬនៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។

សម្តេចតេជោ ហ៊ុន សែនថ្លែងថា បើមានការសង្ស័យចំពោះអាការះរោគសញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មីដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។ សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង