ចំនួនអ្នកស្លាប់ដោយសារពុលស្រា នៅខេត្តបន្ទាយមានជ័យ បានកើនឡើង ដល់ ៧ នាក់ ខណៈមនុស្ស២៧ នាក់ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យដោយសារករណីពុលស្រា

(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារពុលស្រា នៅខេត្តបន្ទាយមានជ័យ បានកើនឡើង ដល់ ៧ នាក់ ខណៈមនុស្ស២៧ នាក់ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យដោយសារករណីពុលស្រាដូចគ្នា។ ទំព័រផេកហ្វេសប៊ុក របស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចុះផ្សាយនៅថ្ងៃទី ១១ ខែមិថុនា បញ្ជាក់ថា ករណីពុលស្រាយីហោ តាំងគួយ អ្នកស្លាប់ កើនដល់ ៧ នាក់ និងកំពុងសម្រាកព្យបាល ២៧ នាក់។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏អំពាវនាវកុំឱ្យប្រជាពលរដ្ឋ ពិសារស្រាយីហោតាំងគួយ នេះ ដោយសារសមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតដោយយកចិត្តទុកដាក់ទៅលើករណីនេះ។

ពាក់ព័ន្ធនឹងករណីនេះដែរ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយ (ក.ប.ប.) បានកំណត់យកវិធានការណ៍ចំនួន ៣ សម្រាប់បើកយុទ្ធនាការទ្រង់ទ្រាយធំនៅទូទាំងប្រទេស

វិធានទាំងប៣នោះរួមមាន៖

ទី ១ បើកការស្រាវជ្រាវ និងស៊ើបអង្កេត កន្លែងកើតហេតុស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដោយបានសាកសួរព័ត៌មាន និងយកគំរូ​សំណាកស្រាថ្នាំចិនសែនេះ មកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិសោធន៍ខា្នតតូចរបស់សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល មន្ត្រីជំនាញបានធ្វើតេស្តរកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង ០.៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លាប់បាន ប្រសិនបើទទួលទានច្រើន។

ទី ២ មន្ត្រីជំនាញ ក.ប.ប. បានបើកប្រតិបត្តិការបង្រ្កាបទីតាំងផលិត និងចែកចាយស្រាថ្នាំចិនសែនេះ ដោយសហការជាមួយ​ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំបើកទីតាំងផលិត ដើម្បីស្វែងរកវត្ថុតាង និងរឹបអូសផលិតផលស្រា​ថ្នាំចិនសែ​ទាំងនោះ។

វិធានការណ៍ទី ៣ អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាឱ្យសាខា ក.ប.ប. រាជធានី-ខេត្ត ទាំងអស់ ប្រមូលត្រលប់មក​វិញនូវស្រាថ្នាំ​ចិនសែយីហោ «តាំង គួយ» ដែលមានការសង្ស័យមានហានិភ័យដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកប្រើប្រាស់។

របាយការណ៍បណ្តោះអាសន្ន ប្រតិបត្តិការទូទាំងប្រទេស មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរឹបអូសបានស្រាថ្នាំចិន​សែយី​ហោ «តាំង គួយ» បានចំនួន ១៣,៩៨៩ ដប ស្នើនឹង ៦,៩៩៤.៥០ លីត្រ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយ ក៏ អំពាវនាវឱ្យប្រជាពល​រដ្ឋទាំងអស់ ផ្អាកទទួលទានស្រាថ្នាំចិនសែ «តាំង គួយ» នេះ ជាពិសេស សូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណា​ដែល​ពុំមាន​ស្លាកសញ្ញាច្បាស់លាស់។ ក្នុងករណីសង្ស័យថាមានបញ្ហា សូមទំនាក់ទំនងមកកាន់អគ្គនាយកដ្ឋានការពារ​អ្នកប្រើ​ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦៕

អត្ថបទដែលជាប់ទាក់ទង