ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង រលំដួលរាបដល់ដី(ខូចខាតទាំងស្រុង) និង២៨ខ្នងទៀតរងផលប៉ះពាល់របើកដំបូលដោយតែមានផ្លៀងធ្លាក់មួយមេធំលាយឡំ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗ

(ស្វាយរៀង)៖ យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង រលំដួលរាបដល់ដី(ខូចខាតទាំងស្រុង) និង២៨ខ្នងទៀតរងផលប៉ះពាល់របើកដំបូលដោយតែមានផ្លៀងធ្លាក់មួយមេធំលាយឡំ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗ ប៉ុន្តែពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សសត្វអ្វីនោះទេ គ្រាន់តែប៉ះពាល់ដល់លំនៅដ្ឋានប៉ុណ្ណោះ ភ្លាមៗនោះគេឃើញវត្តមានលោក ភោក វណ្ណថន មេឃុំក្រោលគោក្រមព្រឹក្សាឃុំ និងកងកម្លាំងចុះទៅដល់កន្លែងកើតហេតុផងដែរ។

ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង២ៈ៥០នាទីរសៀលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២០នៅឃុំក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បើតាមលោក ភោក វណ្ណថន មេឃុំក្រោលបានអោយដឹងថា៖នៅវេលាកើតហេតុខាងលើមានពពកខ្មៅខ្មួរខ្មាញ់និងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗមកចំផ្ទះពលរដ្ឋបណ្តាលអោយរលំផ្ទះ និងរបើកដំបូលផ្ទះប្រជាពលរដ្ឋក្នុងឃុំក្រោលគោរលំទាំងស្រុង៣ខ្នងនិងរបើកដំបូលមួយផ្នែក ២៨ខ្នង។ លោកមេឃុំបានបន្តអោយដឹងទៀតថា ក្រោយពីភ្លៀងធ្លាក់និងខ្យល់ខ្លាំងៗបានស្ងប់ទៅវិញលោកនិងមន្ត្រីក្រោមអាវាទបានចុះទៅពិនិត្យដើម្បីរាយការណ៍មកថ្នាក់ផងដែរ។

លោក ភោគ វណ្ណថន បានបញ្ជាក់អោយដឹងផងដែរថា នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះពុំមានប្រជាពលរដ្ឋណាម្នាក់បានរងរបួសនោះទេគ្រាន់តែខូចខាតប៉ះពាល់ដល់ផ្ទះសំបែងតែប៉ុណ្ណោះ។

ហើយកន្លងមកលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងធ្លាប់បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់រន្ធះត្រូវរកទីទួលសុវត្ថិភាពកុំចេញទៅតាមវាល ហើយត្រូវបិត ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ព្រោះវត្ថុអស់ទាំងងាយស្រូបចរន្តបណ្តាលអោយគ្រោះថ្នាក់ខ្លាំងណាស់៕

អត្ថបទដែលជាប់ទាក់ទង