ផ្ទះ០១ខ្នង ត្រូវបានជនមិនស្គាល់មុខលួចដុត បណ្តាលអោយឆេះយ៉ាងសន្ធោសន្ធៅខ្ទេចអស់ទាំងស្រុង

(បាត់ដំបង)៖ ផ្ទះ០១ខ្នងទំហំ ៨ម៉ែត្រx៨ម៉ែត្រ ត្រូវបានជនមិនស្គាល់មុខលួចដុត បណ្តាលអោយឆេះយ៉ាងសន្ធោសន្ធៅខ្ទេចអស់ទាំងស្រុង។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៤និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចក្រុមទី០៣ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យកើតឡើងនេះដែរ បង្កដោយជនល្មើសមិនស្គាល់មុខបានលួចដុត ខណ:ដែលម្ចាស់ចាក់សោល្បងទុកចោលមិនមានមនុស្សនៅ។

ផ្ទះខាងលើ មានទំហំ ៨ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើលើ ថ្មក្រោម គ្មានជញ្ជាំង និងដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ស៊ីវ ទ្រី ភេទប្រុស អាយុ ៦១ឆ្នាំ មានទីលំនៅក្រុម០៣ ភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងហេតុការណ៍អគ្គិភ័យកើតឡើងភ្លាមៗនោះដែរ កម្លាំងជំនាញការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការខេត្ត បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ជំនាញបានធ្វើកំណត់ហេតុស្រាវជ្រាវជំវិញករណីនេះដែរ ក៏បានសន្និដ្ឋានថាមូលហេតុនៃការឆេះនេះគឺបង្ករឡើងដោយជនមិនស្គាល់មុខលួចដុត ព្រោះផ្ទះទុកចោលមិនមានមនុស្សនៅនឹងមិនមានប្រព័ន្ធភ្លើងផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង