ករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្គ្រាម បណ្តាលអោយរងរបួសធ្ងន់ចំនួន០២នាក់

(ប៉ៃលិន) ៖ មានករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្គ្រាម បណ្តាលអោយរងរបួសធ្ងន់ចំនួន០២នាក់ និងខូចខាតគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ១គ្រឿង ខណៈជនរងគ្រោះយកគ្រឿងចក្រទៅជីកកកាយដី ក្បែរចិញ្ចើមផ្លូវ ស្រាប់តែប៉ះចំគ្រប់មីន ផ្ទុះយ៉ាងកក្រើករងរបួសតែម្តង ។

ហេតុការណ៍គ្រឿងចក្រជីកកកាយដីប៉ះចំគ្រាប់ផ្ទុះនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលទៅរមណីយដ្ឋានចំការខ្នុរ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានពីនគរបាលបានឱ្យដឹងថាជនរងគ្រោះ ទី១. ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ របួសធ្ងន់ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកបើកបរគ្រឿងចក្រ(អេស្ការវ៉ាទ័រ) ។ចំណែកជនរងគ្រោះទី២. ឈ្មោះ វង់ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ របួសធ្ងន់ ជាព្រូគ្រឿងចក្រ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពបន្តទៀតថា ជនរងគ្រោះទាំងពីរជាកម្មករបើកបរ អេស្កាវ៉ាទ័រ បានធ្វើការស៊ីឈ្នួលជីកគាស់កកាយ និងឈូសឆាយពង្រាបដីអោយម្ចាស់ចំការម្នាក់ឈ្មោះ នុត សឿន ជាម្ចាស់សណ្ឋាគារប៉ៃលិនស៊ី.ធី រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះមកដល់ពេលវេលាកើតហេតុខាងលើ ក៏ស្រាប់តែប៉ះចំគ្រាប់កប់ក្នុងដី ផ្ទុះកក្រើក បណ្តាលអោយរបួសតែម្តង ។

ក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ សេង សុគន្ធ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះទៅពិនិត្យមើ់លទីតាំងកើតហេតុ ឃើញថាគ្រាប់ដែលផ្ទុះគឺមានចំនួន០១គ្រាប់ និងឃើញមានគ្រាប់ដែលនៅសេសសល់លើដីចំនួន០១គ្រាប់ទៀតផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកគ្រាប់ទាំងនោះគឺមន្ត្រីស៊ីម៉ាក់ បានចុះមកទទួលយកទៅរក្សាទុក ។ បើយោងតាមការរាយការណ៍របស់មន្ត្រីដោះមីនម្នាក់(ស៊ីម៉ាក់) បានឱ្យដឹងថា គ្រាប់ដែលនៅសេសសល់ គឺប្រភេទគ្រាប់ ៧៥មីលីម៉ែត្រចំនួន០១គ្រាប់ និងបំណែកគ្រាប់ DK៨២ ដែលមានផ្ទុករំសេវចំនួន០១គ្រាប់ និងបានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះនោះក៏ជាប្រភេទគ្រាប់៧៥មីលីម៉ែត្រដែរ ៕

អត្ថបទដែលជាប់ទាក់ទង