រថយន្តហ៊ីយិនដាយដឹកត្រី១គ្រឿង បានថយក្រោយចុះចំណោតជ្រុលទៅបុកផ្ទះ ប្រជាពលរដ្ឋពេញទំហឹង ហើយជ្រុលទៅបុកគូទរថយន្ត១គ្រឿងទៀត!

(ប៉ៃលិន) ៖ រថយន្តហ៊ីយិនដាយដឹកត្រី១គ្រឿង បានថយក្រោយចុះចំណោតជ្រុលទៅបុកផ្ទះ ប្រជាពលរដ្ឋពេញទំហឹង បណ្តាលឱ្យបាក់ទ្វារផ្នែកខាងមុខ ជ្រុលទៅបុកគូទរថយន្ត១គ្រឿងទៀត ម៉ាកស៊ីណា ដែលចតទុកនៅក្នុងផ្ទះ បណ្តាលឱ្យបែកកញ្ចក់ក្រោយ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។

ហេតុការណ៍រថយន្តដឹកត្រី ថយក្រោយដាក់លេខអត់ជាប់ ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យខូចរថយន្ត១គ្រឿងនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅផ្លូវចុះទួល ចូលផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា បុរសដែលបើករថយន្តដឹកត្រីថយក្រោយចុះទួលដាក់លេខអត់ជាប់ នេះ មានឈ្មោះ បារាំង ភេទប្រុស អាយុជាង៤០ឆ្នាំ ជាអាជីវករលក់ត្រី ដោយបើកបររថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 3A-3839 រងការខូចខាតផ្នែកខាងក្រោយស្រាល ។ ចំណែកម្ចាស់ផ្ទះរងគ្រោះ មាន ឈ្មោះ ទូច ភេទប្រុស អាយុ៤៣ឆ្នាំ ដោយមានរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-9974 រងការខូចខាតបែកកញ្ចក់ផ្នែកខាងក្រោយ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ បុរសម្ចាស់រថយន្តដឹកត្រីខាងលើ បានដឹកត្រីយកទៅលក់ឱ្យម៉ូយក្នុងផ្សារ លុះរួចរាល់អស់ហើយ ក៏បើករថយន្តឡើងទួល ដើម្បីចតឈប់សម្រាក ។ តែដោ យសារមានការទាស់ទែងផ្លូវចេញចូល ក៏បើករថយន្តរៀបចំចតឱ្យស្រួល លុះថយក្រោយប៉ះចំកន្លែងចំណោតចុះទួល ស្រាប់តែរលត់ម៉ាស៊ីន ហើយដាក់លេខអត់ជាប់ ចាប់ហ្វ្រាំងក៏មិនស៊ី បណ្តាលឱ្យជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ រងការខូចខាតតែម្តង ។ មុនពេលបុកនោះ ម្ចាស់ផ្ទះកំពុងអង្គុយនៅខាងក្នុង នាំគ្នារត់គេចចេញស្ទើរតែមិនទាន់ ហើយសំណាងល្អ អត់មានអ្នករងរបួសនោះទេ គ្រាន់តែព្រលឹងចុងសក់ ។

ក្រោយពេលកើតហេតុ គេឃើញសមត្ថកិច្ចនៃអធិការក្រុងប៉ៃលិន ចុះទៅធ្វើការត្រួតពិនិត្យ ដោយម្ចាស់រថយន្តដឹកត្រី បើកបររថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុ យកទៅជួសជុល និងធ្វើការបង់សងថ្លៃការខូចខាតផ្ទះ ព្រមទាំងរថយន្តរបស់ប្រជាពលរដ្ឋខាងលើ ដើម្បីបញ្ចប់រឿងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង