មហាសេដ្ឋី Stanley Ho កំពូលស្ដេចល្បែងនៅម៉ាកាវ Stanley Ho បានទទួលមរណភាពហើយក្នុងវ័យ ៩៨ ឆ្នាំ

មហាសេដ្ឋី Stanley Ho ដែល​ជា​អ្នក​កសាង​អាណាចក្រ​ជំនួញ តាម​រយៈ​ល្បែង​ស៊ីសង ផ្ដើម​តាំង​ពី​ជំនាន់​អាណានិគម​ព័រទុយហ្គាល់ និង​ជា​​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​មួយ​រូប​ក្នុង​តំបន់​អាស៊ី​នោះ បាន​ទទួល​មរណភាព​ហើយ នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​ឧសភា​នេះ ក្នុង​វ័យ ៩៨ ឆ្នាំ នេះ​បើ​តាម​ការ​ផ្សាយ​ពី​ស្ថានីយ៍​ទូរទស្សន៍​ប្រចាំ​ប្រទេស​ចិន ។

ជាមួយ​រហ័ស្សនាម​ថា «កំពូល​ស្ដេច​ល្បែង» នៃ​កាស៊ីណូ​ម៉ាកាវ មហាសេដ្ឋី​លំដាប់​កំពូល​រូប​នេះ បាន​ប្រែ​ក្លាយ​ទីក្រុង​ម៉ាកាវ​ទៅ​ជា​តំបន់​ជំនួញ​ល្បែង​ស៊ី​សង​ដ៏​ល្បី និង​ធំ​បំផុត​មួយរហូត​ស៊ី​ដាច់​ទីក្រុង Las Vegas ។

ចាប់​កំណើត​ក្នុង​ទីក្រុង​ហុងកុង ស្តេច​ល្បែង Ho មាន​ប្រពន្ធ​ចំនួន ៤ នាក់ និង​កូន​សរុប ១៧ នាក់ ហើយ​លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​មាន​ការ​កែប្រែ​ទម្រង់​នៃ​មុខ​ជំនូញ​របស់​លោក​ឡើង​វិញ ក្រោយ​ជម្លោះ​ផ្លូវ​ច្បាប់​មួយ​បាន​កើត​ឡើង​ក្នុង​រង្វង់​គ្រួសារ​របស់​លោក​កាល​ពី​ឆ្នាំ ២០១២ ជុំវិញ​ទ្រព្យ​សម្បត្តិ​របស់​លោក ។

ក្នុង​ឆ្នាំ ២០១៧ លោក Ho បាន​លា​ឈប់​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន​ជំនួញ Shun Tak Holding ដែល​មាន​ទី​ស្នាក់ការ​កណ្ដាល​នៅ​ហុងកុង ដោយ​ឲ្យ​កូន​ស្រី​របស់​លោក Pansy Ho ឡើង​គ្រប់គ្រង​បន្ត ។

លោក​ក៏​បាន​លា​ឈប់​ពី​ក្រុមហ៊ុន​កាស៊ីណូ SJM Holding ក្នុង​ឆ្នាំ ២០១៨ រួច​ផ្ដល់​តំណែង​នេះ ទៅ​កូន​ស្រី​របស់​លោក​ម្នាក់​ទៀត Diasy Ho ជា​អ្នក​គ្រប់គ្រង​បន្ត​ផង​ដែរ ៕

ប្រភព៖ CNA

អត្ថបទដែលជាប់ទាក់ទង