មនុស្សសរុប ២៤២នាក់បន្ថែមទៀតបានស្លាប់ និង ១៤,៨៤០នាក់ឆ្លង ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបទូទាំងប្រទេសចិន កើនឡើងដល់ ១,៣៥៥នាក់ និងឆ្លងជិត ៦០,០០០នាក់

(អន្តរជាតិ)៖ បើតាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Channel News Asia នាព្រឹកនេះទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះផ្សាយថា កាលពីម្សិលមិញនេះ អាជ្ញាធរនៃខេត្តហ៊ូប៉ី បានប្រកាសថា មនុស្សសរុប ២៤២នាក់បន្ថែមទៀតបានស្លាប់ និង ១៤,៨៤០នាក់ឆ្លង ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបទូទាំងប្រទេសចិន កើនឡើងដល់ ១,៣៥៥នាក់ និងឆ្លងជិត ៦០,០០០នាក់។

សូមបញ្ជាក់ថាតួលេខខាងលើនេះ ត្រូវបានចាត់ទុកថា ជាការកើនឡើងវិញយ៉ាងគំហុកនៃអត្រាអ្នកស្លាប់ និងឆ្លងវីរុស COVID-19 ហើយអាជ្ញាធរខេត្តហ៊ូប៉ី ដែលជាកន្លែងផ្ទុះឡើងខ្លាំងក្លាបំផុតនៃវីរុសនោះ និងជាពិសេសទីក្រុងវូហាន (Wuhan) បានធ្វើការបកស្រាយថា ក្រុមជំនាញវេជ្ជសាស្ត្រនៅទីនោះ កំពុងតែផ្លាស់ប្តូរវិធីសាស្ត្រទប់ទល់នឹងវីរុសនេះ។

គួរបញ្ជាក់ថា សម្រាប់ការផ្លាស់ប្តូរវិធីសាស្ត្រវិនិច្ឆ័យរោគ និងព្យាបាលខាងលើនេះ គឺត្រូវបានអាជ្ញាធរចិនពន្យល់ថា ករណីសង្ស័យជាច្រើនអំពីការឆ្លងវីរុស កូរ៉ូណាថ្មីត្រូវបានដាក់ឲ្យត្រួតពិនិត្យបន្ថែមលឿនជាងមុន ហើយវិធីសាស្ត្រក្នុងការព្យាបាលអ្នកជំងឺ នៅក្នុងខេត្ត និងទីក្រុងមួយចំនួនរបស់ចិន ដែលកន្លងមកនេះហាក់មានប្រសិទ្ធភាពនោះ ត្រូវបានយកមកអនុវត្តនៅខេត្តហ៊ូប៉ី និងទីក្រុងវូហានផងដែរ។

ទាក់ទិនការផ្លាស់ប្តូរវិធីសាស្ត្រវិនិច្ឆ័យរោគ និងព្យាបាលដដែលនោះ លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស ដែលជាប្រធានអង្គការសុខភាពពិភពលោក បានប្រកាសថា វ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាថ្មី អាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ។ ការកត់សម្គាល់ខាងលើ ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារកន្លងទៅ។

ប្រធាន WHO បានបញ្ជាក់ថា ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង ព្រមទាំងវិធីសាស្ត្រព្យាបាល គឺជាផ្នែកមួយដ៏សំខាន់នៃរបៀបវារៈក្នុងការសិក្សាស្រាវជ្រាវ… ប៉ុន្តែវាត្រូវការពេលវេលាខ្លះ ហើយខ្ញុំយល់ថា វ៉ាក់សាំងដំបូងអាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខាងមុខទៀតនេះ។

លោក បានបន្ថែមទៀតថានៅក្នុងរយៈពេលដែលមិនទាន់មានវ៉ាក់សាំង ប្រទេសទាំងឡាយគួរតែប្រើប្រាស់វិធានការដែលខ្លួនកំពុងអនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19៕

អត្ថបទដែលជាប់ទាក់ទង