បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវបានស្ត្រីម្នាក់ទៀតដាក់ថ្នាំលួចកាបូបលុយ បណ្តាលឲ្យបាត់បង់សម្ភារៈមួយចំនួន

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវបានស្ត្រីម្នាក់ទៀតដាក់ថ្នាំលួចកាបូបលុយ បណ្តាលឲ្យបាត់បង់សម្ភារៈមួយចំនួន ដែលហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចមុខផ្ទះB០១ ផ្លូវ៤៣៦ ក្រុម២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីដាក់ថ្នាំលួចកាបូបលុយ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុច ចាន់ថា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៧ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ស្រុកកំណើត នៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ ថន កោសល្យ ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ១០៥ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពដដែល បានបន្តទៀតថា សម្ភារ:បាត់បង់រួមមាន៖ កូនកាបូបដៃវែង ពណ៌ខ្មៅ ចំនួន០១ គ្មានប្រាក់ មានយ័នក្រណាត់ពណ៌ក្រហមមួយ, កូនកាបូបដៃមួយទៀត ពណ៌ត្នោត ក្នុងនោះមានកាតគ្រីម៉ូតូ០១, កាត ATM ចំនួន០១, ប័ណ្ណបើកបររថយន្តចំនួន០១។ ដោយឡែកសម្ភារ: ដែលដកហូតបានពីជនសង្ស័យរួមមាន ថ្នាំមួយកញ្ចប់ (ថ្នាំងងុយដេកសម៉ត់)។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូកង់បីឥណ្ឌា ចេញពីផ្សារបឹងកេងកង ក្នុងតម្លៃ ២ម៉ឺនរៀល មកផ្សារបឹងត្របែក ដើម្បីជួបសង្សារខ្លួន។

លុះទៅដល់ក៏ឡើងជិះម៉ូតូកង់បីឥណ្ឌាផ្សេងថ្មីមួយទៀត បានមួយសន្ទុះ ឲ្យជនរងគ្រោះជូនទៅទិញទឹកក្រឡុក ដោយទិញ ២កែវ មួយសម្រាប់នាង និងមួយទៀតសម្រាប់ជនរងគ្រោះ ខណ:ពេលកំពុងតែធ្វើដំណើរតាមផ្លូវ នាងបានដាក់ថ្នាំងងុយដេក រួចហុចឲ្យជនរងគ្រោះផឹក ស្រាប់បានប្រហែលកន្លះម៉ោងក្រោយ ជនរងគ្រោះសន្លប់ដេកស្ដូក នាងក៏ធ្វើសកម្មភាពលួចតែម្ដង។

ក្រោយពីកើតហេតុជនសង្ស័យ ត្រូវអ្នកឃើញហេតុការណ៍មានការសង្ស័យ ក៏ឃាត់ខ្លួនប្រគល់សមត្ថកិច្ច ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង