អាម៉េរិក ហាមជនបរទេសមិនឱ្យធ្វើដំណើរ ទៅសហរដ្ឋប្រទេសខ្លួន ប្រសិនបើពួកគេ នៅក្នុងប្រទេសប្រេស៊ីល

(អន្តរជាតិ)៖ យោងទៅតាមទីភ្នាក់ងារសារព័ត៌​មានអន្តរជាតិ Reuters នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានចុះផ្សាយថា សេតវិមាននៃសហរដ្ឋអាម៉េរិក បានប្រកាសហាមជនបរទេសមិនឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក ប្រសិនបើពួកគេបានស្ថិតនៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។

សូមបញ្ជាក់ផងដែរដា ការចេញសេចក្តីប្រកាសនេះ គឺធ្វើឡើងពីរថ្ងៃបន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានក្លាយជាប្រទេស ដែលមានករណីឆ្លងវិរុសកូរ៉ូណាជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក។

គួរបញ្ជាក់ផងដែរថា រហូតមដលពេលនេះ នៅសហរដ្ឋអាម៉េរិក រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ កើនដល់ទៅ១,៦៨៦,៤៣៦ នាក់ ក្នុងនោះមានជិត១០ម៉ឺនាក់បានស្លាប់។

ជាមួយនឹងការកើនឡើងនៃតួលេខអ្នកឆ្លងឥតឈប់ឈរ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា អង្គការ WHO ប្រកាសថា តំបន់អាមេរិកខាងត្បូងបានក្លាយជា ចំណុចថ្មីមួយដែលមានការឆ្លងរាលដាលខ្លាំងនៃ ជំងឺរាតត្បាតជាសកល COVID-19។

មន្រ្តីជាន់ខ្ពស់ WHO លោក Mike Ryan នាចុងសប្តាហ៍នេះ បាននិយាយថា តំបន់អាមេរិកខាងត្បូងអាចត្រូវចាត់ទុកជាកន្លែងផ្ទុះ រាតត្បាតខ្លាំងថ្មីនៃ COVID-19 ដោយសារបច្ចុប្បន្ននៅតាមបណ្តាប្រទេសនៃតំបន់នេះ កំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លង។ លោក Ryan បានសង្កត់ធ្ងន់ថា ក្នុងចំណោមប្រទេសនៅអាមេរិកខាងត្បូង គឺប្រេស៊ីលតែម្តងដែលគួរឲ្យបារម្ភជាងគេ។

យោងតាមតួលេខស្តីពីអ្នកឆ្លង និងស្លាប់ដោយវីរុសកូវីដ១៩ ចេញពីគេហទំព័រ worldometer នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានចុះផ្សាយថា ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ជិត៥.៥លានករណី ក្នុងនោះមានជាង៣៤ម៉ឺននាក់បានស្លាប់ និងជា២.៣លាននាក់បានជាសះស្បើយ៕

អត្ថបទដែលជាប់ទាក់ទង