មនុស្សចំនួន ៨០ នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះអន្តរជាតិ របស់ប្រទេសប៉ាគីស្ថានបានធ្លាក់ នៅភាគខាងត្បូងទីក្រុង ការ៉ាជី ប្រទេសប៉ាគីស្ថាន

(ប៉ាគីស្ថាន)៖ យ៉ាងហោចណាស់ មនុស្សចំនួន ៨០ នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះអន្តរជាតិ របស់ប្រទេសប៉ាគីស្ថានបានធ្លាក់ នៅភាគខាងត្បូងទីក្រុង ការ៉ាជី ប្រទេសប៉ាគីស្ថាន។

នាយករប្រតិបត្តិអាកាសយាន្តដ្ឋានអន្តរជាតិប៉ាគីស្ថាននិយាយថា យន្តហោះបានធ្វើដំណើរចាកចេញពីទីក្រុង ឡាហូរ (Lahore) ដែលមានអ្នកជិះ ៩៩ នាក់រួមទាំងនាវិក។

សារព័ត៌មាន Aljazeera ចេញផ្សាយថា គ្រោះឧបត្តិហេតុនេះ សម្លាប់មនុស្ស ៨០ នាក់ និងមានអ្នកដំណើរស្ត្រីចំនួន ២ នាក់បានរួចជីវិត ក្នុងហេតុការធ្លាក់យន្តហោះនេះ ហើយកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យទីក្រុង ការ៉ាជី។ មនុស្សចំនួន ៦ ដែលនៅឯលើដីត្រូវបានរងរបួស បន្ទាប់ពីធ្លាក់យន្តហោះនេះ។

ប្រធានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ លោក Arshad Malik និយាយថា ពាក្យចុងក្រោយដែលបានលឺពីអ្នកបើកយន្តហោះ និយាយថា មានបញ្ហាបច្ចេកទេស ហើយគាត់ព្យាយាមរកវិធីសាស្ត្រដោះស្រាយ ដោយបានសម្រេចធ្វើដំណើរជុំវិញ ដើម្បីបានចុះចត តែក៏បានធ្លាក់នៅលើអាគារផ្ទះតែម្តង។

បើយោងតាមអាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ជើងហោះហើរអន្តរជាតិ ប៉ាគីស្ថាន បានធ្លាក់នៅម៉ោង ២ កន្លះម៉ោងនៅក្នុងតំបន់ កាលពីថ្ងៃសុក្រ ដែលមានអ្នកដំណើរចំនួន ៩១ នាក់ និងនាវិក៨ នាក់។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ កាន់ បានសរសេនៅលើ Twitter ថា លោកមានការរន្ធត់ និងសោកស្តាយចំពោះគ្រោះថ្នាក់ និងចូលរួមមរណទុក្ខជាមួយគ្រួសារសព៕

(រូបភាព៖ក្រុមសង្គ្រោះកំពុងស្វែងរកសាកសពចេញពីគំនរបាក់បែក)

អត្ថបទដែលជាប់ទាក់ទង