ក្រសួងសុខាភិបាលកម្ពុជា រកឃើញករណីកូវីដថ្មីមួយទៀតនៅលើស្ត្រីជនជាតិខ្មែរមកពីអាមេរិក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០ នេះ បានប្រកាសថា ខ្លួនបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មីមួយទៀត នៅលើស្ត្រីជនជាតិខ្មែរ អាយុ៣៩ ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ត្រីដែលឆ្លងមេរោគកូវីដ១៩ ជាអ្នកដំណើរដែលបានវិលត្រលប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តតាមជើងហោះហើរប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជា នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០។ ស្ត្រីខាងលើបានទៅសហរដ្ឋអាមេរិកតាំងពីខែកុម្ភៈ ឆ្នាំ ២០២០ រួចបន្តដំណើរនៅទីនោះ ដោយសារមានការបិទជើងហោះហើរ ធ្វើដំណើរត្រលប់មកវិញមិនបាន។

សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានអោយដឹងថា ពេលមកដល់កម្ពុជា គាត់បានរស់នៅដាច់ដោយឡែកដោយខ្លួនឯង ហើយបានធ្វើតេស្តសុខភាព នៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក តែទទួលបានលទ្ធផលអវិជ្ជមាននៅពេលនោះ។ គ្រូពេទ្យបានណែនាំអោយរូបគាត់ធ្វើចត្តាឡីស័ក្ត រហូដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ នៅតែមិនធូស្រាល ហើយនៅថ្ងៃទី ២២ គាត់ក៏ត្រូវបានគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគសារជាថ្មី ដែលទទួលបានលទ្ធផលវិជ្ជមានវិរុសកូវីដ-១៩។

បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត៕

អត្ថបទដែលជាប់ទាក់ទង