ពេលបើកសាលាវិញ ប្អូនៗទី ៩ និងទី ១២ ត្រូវចូលរៀនមុនគេ ហើយសិស្សមួយថ្នាក់ ត្រូវបំបែកជាពីរថ្នាក់

តាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់នៅថ្ងៃទី ១ ខែ ១១ ខាងមុខនេះក្រសួងនឹងពិចារណាបើកសាលាឡើងវិញ ។

នៅក្នុងឱកាស ការចុះពិនិត្យមើលសកម្មភាពសិក្សាពីចម្ងាយ និងតាមអេឡិចត្រូនិក បស់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង រដ្ឋមន្ត្រីក្រសួងអប់រំ  បានថ្លែងយ៉ាងដូច្នេះថា៖ « ថ្ងៃទី ១ ខែ ១១ ប្រហែលជាយើងនឹងពិចារណា ដើម្បីបើកឡើងវិញ ប្រសិនបើមិនមានការរីករាលនៃជំងឺនេះទេ» ។

នៅពេលបើកសាលាវិញនោះ ក្រសួងនឹងវាយតម្លៃថា សិស្សត្រូវរៀនប៉ុន្មានខែទៀតទើបអាចប្រឡង ព្រោះសិស្សទាំងអស់មិនមែនសុទ្ធតែអាចរៀនបន្តភ្លាមៗបាននោះទេ ពិសេសសិស្សទី ៩ និង ទី១២ នឹងត្រូវធ្វើការវាយតម្លៃថាតើគួររៀន ៤ ឬ ៥ ខែទៀត ទើបអាចប្រឡងថ្នាក់ជាតិបាន ។ ម្យ៉ាងវិញទៀតសាលាមិនអាចរៀន និងបង្រៀនដូចមុនោះទេ ប្រសិនបើថ្នាក់មួយមានសិស្ស ៥០ នាក់គឺត្រូវចែក ២៥ នាក់ៗ ។

តាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅពេលបើកសាលាវិញ សិស្សថ្នាក់ទី ៩ និងទី១២ មានអទិភាពចូលរៀនមុន ប៉ុន្តែត្រូវរំលែកសិស្សជាពីរថ្នាក់ បើពីមុនមានមួយថ្នាក់ត្រូវដាក់ពីរថ្នាក់ ។ សិស្សត្រូវអង្គុយឃ្លាតៗពីគ្នា និងមានគ្រូជួយបង្រៀន រៀបចំកាលវិភាគ រំលឹកមេរៀនឡើងវិញ ទើបអាចរៀនបន្តពេញលេញបាន ៕

អត្ថបទដែលជាប់ទាក់ទង