កូនអកត្តញូម្នាក់បានយកអង្រែបុកអង្ករប្រវែង១.៣០ម វាយទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់បន្ទាប់ពីដឹកជិតដល់មន្ទីរពេទ្យ

(បន្ទាយមានជ័យ)៖ កូនអកត្តញូម្នាក់បានយកអង្រែបុកអង្ករប្រវែង១.៣០ម វាយទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់បន្ទាប់ពីដឹកជិតដល់មន្ទីរពេទ្យ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ១០និង៣០នាទីយប់ថ្ងៃទី២១ខែឧសភា ឆ្នាំ២០២០ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពពី នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ជនរងគ្រោះជាឪពុកឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ចំណែកកូនអកត្តញូ ជាជនដៃដល់ឈ្មោះថន ធួន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនដៃដល់ជាកូនបានទៅជួយធ្វើផ្ទះឲ្យម្តាយក្មេកនៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្រោយធ្វើផ្ទះរួចពេលល្ងាចក៏បាននាំគ្នាផឹក ស៊ី ហើយបានខលទូរស័ព្ទមករកឪពុក នៅផ្ទះតែឪពុកមិនបានលើក ទូរស័ព្ទ។​ ពេលកូនអកត្តញូនេះមកដល់ផ្ទះក៏រករឿងកើត ជាជម្លោះ ឈ្លោះប្រកែកគ្នាជាមួយឪពុក បន្ទាប់មកឈ្មោះកន ប៊ូ អាយុ៥៦ឆ្នាំ ជាម្តាយ បានហាមឃាត់កុំអោយឈ្លោះប្រកែកគ្នា ។

ពេលនោះឈ្មោះថន ធួន ខ្លាំងដោយ អំណាច ស្រវឹងស្រា ទប់កំហឹងមិនបានក៏ទាញអង្រែបុកអង្ករ ប្រវែង១,៣០ម វាយទៅលើឪពុកខ្លួន ចំកញ្ចឹង ក ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក៏បានដាច់ខ្សល់ស្លាប់តាមផ្លូវ ។ ជនដៃដល់ក្រោយពីវាយទៅលើឪពុកហើយក៏បានរត់គេចខ្លួន ។ ពេលនេះ កម្លាំងនគរបាលកំពុងតែបន្ត ស្រាវជ្រាវ ដុតដៃដុតជើង ស្រាវជ្រាវ រកជនដៃដល់ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង