សម្ដេចក្រឡាហោម ស ខេង បានបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសស្តីពីការនអនុវត្តបិន័យមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះបានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

សូមបញ្ជាក់ថា លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឲ្យខូចខាត ហើយអ្វីដែលធ្វើឲ្យកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗ ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឲ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុ មានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀតសោតក៏មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង។

គួរម្លឹកផងដែរថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាក់ជាពុំខាន៕

អត្ថបទដែលជាប់ទាក់ទង