តួលេខអ្នកឆ្លងកូវីដ១៩ទូទាំងសកលលោក កើនដល់ជាង៥.១លានករណី និងជាសះស្បើយជាង២លាននាក់!

(អន្តរជាតិ)៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៦ និង០០នាតីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,១៨៦,៨៤៧ ករណីហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៣៣,៩៧៦នាក់ និងជាសះស្បើយឡើងវិញមានជាង២លាននាក់។

ជាមួយគ្នានឹងការឆ្លងរីករាលនៃវីរុសដ៏កាចសាហាវមួយនេះ តួលេខដដែលខាងលើ បានបង្ហាញថា សហរដ្ឋអាម៉េរិក ឈរនៅលំដាប់ទី១ ដែលមានអ្នកឆ្លង កូវីដ១៩ ច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក បានរកឃើញអ្នកឆ្លងសរុបជាង១.៦លាននាក់ ក្នុងនោះអ្នកជំងឺជាង ៩ម៉ឺននាក់ បានស្លាប់។

ស្របពេលដែលពិភពលោកកំពុងតែមានភាពវឹកវរ ដោយសារវិបត្តិនៃជំងឺនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃពុធសប្តាហ៍នេះ បានបង្ហោះសាររិះគន់ប្រទេសចិនជាថ្មីម្តងទៀត ជុំវិញវិបត្តិ COVID-19 ដោយលើកនេះលោកចោទចិនចំៗតែម្តងថា បានធ្វើឲ្យមនុស្សស្លាប់យ៉ាងរង្គាល នៅទូទាំងពិភពលោក។

សារដែលលោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Twitter នៅថ្ងៃពុធ មានខ្លឹមសារយ៉ាងដូច្នេះថា «គឺដោយសារតែចិនគ្មានសមត្ថភាពគ្រប់គ្រាន់ ដោយពុំមានមូលហេតុអ្វីផ្សេងទៀតឡើយ ទើបបង្កឲ្យមានការបាត់បង់ជីវិតមនុស្ស យ៉ាងរង្គាលនៅលើពិភពលោក»។

សូមបញ្ជាក់ផងដែរថា ការលើកឡើងបែបនេះ គឺលោក ត្រាំ ចង់សំដៅលើតួលេខអ្នកជំងឺ COVID-19 ជិត ៣៣ម៉ឺននាក់ ដែលបានស្លាប់នៅទូទាំងសកលលោកក្នុងនោះជាង ៩ម៉ឺននាក់ ស្លាប់នៅលើទឹកដីសហរដ្ឋអាមេរិកផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង