អ្នកឆ្លងវីរុស កូវីដ១៩ទូទាំងសកលលោក កើនដល់ជិត៥លាននាក់ និងជិត២លាននាក់ ជាសះស្បើយ

(អន្តរជាតិ)៖ យោងទៅតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ ដោយវីរុសកូវីដ១៩ តាមគេហទំព័រ worldometer បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងសកលលោក ចំនួននៃអ្នកឆ្លងវីរុសកូវីដ១៩នេះ បានកើនដល់ជិត៥ លាននាក់ ក្នុងនោះអ្នកឆ្លង ៣២៤, ៩៧០នាក់បានស្លាប់ និងអ្នកជំងឺជិត២លាននាក់ បានជាសះស្បើយ។

សូមបញ្ជាក់ផងដែរថា ក្នុងចំនួនអ្នកឆ្លងទាំងនោះ ទ្វីអ៊ឺរ៉ុប មានអត្រានៃការឆ្លងច្រើនជាងគេ ដែលមានចំនួនជាង១.៨លាននាក់ ក្នុងនោះ មានជាង១៦ម៉ឺននាក់បានស្លាប់ និងអ្នកជំងឺជិត៨០ម៉ឺននាក់បានជាសះស្បើយ។

ចំណែកឯកទ្វីអាម៉េរិកខាងជើង មានអ្នកឆ្លងសរុបជាង១.៧លាននាក់ ចំនួននេះភាគច្រើនមាននៅសហរដ្ឋអាម៉េរិក ដែលមានអ្នកឆ្លងសរុបជាង១.៥លាននាក់ និងអាស៊ីមានជាង៨០ម៉ឺននាក់។

ជាមួយភាពចម្រុងចម្រាស់ ទាក់ទិននឹងការអូសបន្លាយរយៈពេលយូររបសអង្គការ WHO នៃការរកវ៉ាក់ស៉ុំាំព្យាបាលនៃជំងឺនេះ នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវាយប្រហារខ្លាំងៗជាថ្មីម្តងទៀត លើអង្គការសុខភាពពិភពលោក ដោយម្តងនេះលោកបានហៅ អង្គការអន្តរជាតិមួយនេះថាជា «អាយ៉ង» របស់ចិន និងថែមទាំងបានបញ្ជាក់ថា លោកកំពុងតែពិចារណាលើការកាត់បន្ថយ ឬលុបចោលការគាំទ្រទៅលើអង្គការមួយនេះទាំងស្រុងតែម្តង។ លោក ដូណាល់ ត្រាំ បានធ្វើការកត់សំគាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសេតវិមានកាលពីថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នៅចំពោះមុខអ្នកកាសែត ប្រធានាធិបតីរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ពួកគេ (អង្គការ WHO) ជាអាយ៉ងរបស់ចិន។ ពួកគេផ្តោតសំខាន់តែលើប្រទេសចិន ដើម្បីធ្វើឲ្យកាន់តែល្អមើល»។

នាឱកាសនោះលោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកបង់វិភាគទានប្រមាណ ៤៥០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ទៅឲ្យអង្គការសុខភាពពិភពលោក ដែលជាការរួមវិភាគទានធំបំផុតសម្រាប់អង្គការនេះ។ ប៉ុន្តែសហរដ្ឋអាមេរិក មិនត្រូវបានគេប្រាស្រ័យទាក់ទងល្អជាមួយទេ ដូច្នេះផែនការបង់វិភាគទានដល់អង្គការនេះ អាចនឹងកាត់បន្ថយ ឬលុបចោលទាំងស្រង់តែម្តង។

លោក ដូណាល់ ត្រាំ បានលើកឡើងទៀតថា ប្រទេសចិនចំណាយលើអង្គការមួយនេះត្រឹមតែ ៤០លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ ដូច្នេះវាមានគំនិតមួយដែលថា ចង់ឲ្យសហរដ្ឋអាមេរិកចំណាយត្រឹម ៤០លានដូចគ្នានឹងចិនដែរ ប៉ុន្តែមនុស្សមួយចំនួនខ្លះទៀតគិតថា ដូចជាច្រើនជ្រុលទៀតផង។

ចំណែកឯអ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីម្សិលមិញនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីបិទបាំងកំហុស និងការទទួលខុសត្រូវចំពោះការដោះស្រាយវិបត្តិ COVID-19 ដែលផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ៩០,០០០នាក់ហើយ។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មាន និងជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក ដែលបានចោទប្រកាន់អង្គការសុខភាពពិភពលោក WHO ថាជា «អាយ៉ងរបស់ចិន»។

ថ្លែងនាឱកាសនោះ លោក Zhao Lijian បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក កំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះចិន និងប្រើប្រាស់ចិន ដើម្បីបិទបាំងការទទួលខុសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង