នាំ​គ្នា​បើក​មឈូស​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​សារ​វីរុស​កូវីដ ១៩ ដើម្បី​ធ្វើ​ពិធី​ចម្អាស​ទឹក​តាម​ប្រពៃណី​សាសនា​ខ្លួន​នោះ ទីបំផុតឆ្លងជំងឺ…..

អ្នក​ភូមិ​ដែល​នាំ​គ្នា​បើក​មឈូស​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​សារ​វីរុស​កូវីដ ១៩ ដើម្បី​ធ្វើ​ពិធី​ចម្អាស​ទឹក​តាម​ប្រពៃណី​សាសនា​ខ្លួន​នោះ ត្រូវ​បាន​ឲ្យ​ដឹង​ថាបាន​ឆ្លង​វីរុស​នេះ ក្រោយ​បដិសេធ​មិន​ធ្វើ​តាម​វិធានការ​របស់​អាជ្ញាធរ​ក្នុង​តំបន់ ។

​បើ​តាម​សារព័ត៌មាន Asia One បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៥ នាក់ ដោយ​ក្នុង​នោះ​រួម​មាន សាច់​ញាតិ និង ​អ្នក​ជិត​ខាង​នៃ​សព បាន​បើក​ថង់​ប្លាស្ទិក​រុំ​សព រួម​មាន​យក​សាកសព​មក​ធ្វើ​ពិធី​ចំអាស​ទឹក​បន្ថែម​ទៀត ។

ជន​រងគ្រោះ​ដែល​ស្លាប់​គឺ​ជាអ្នក​ភូមិ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​តេស្ត​វិជ្ជមាន​វីរុស​កូវីដ ១៩ ហើយ​បាន​ស្លាប់​ត្រឹម ២ សប្ដាហ៍​មុន ​នៅ​ក្នុង​មន្ទីរពេទ្យ ។ ក្រោយ​មក សាកសព​ត្រូវ​បាន​រុំ​ដោយ​ថង់​ប្លាស្ទិក រួច​ដាក់​ចូល​ក្នុង​មឈូស ដើម្បី​បញ្ជូន​ទៅ​កាន់​សាច់ញាតិ​ដែល​ស្នើ​សុំ​ទទួល​សាកសព​ជន​រងគ្រោះ​នៅ​ភូមិ Jati ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាច់ញាតិ និង​ អ្នក​ជិត​ខាង​នៅ​ភូមិ​នោះ បាន​ល្មើស​ទាំង​ស្រុង​ចំពោះ​វិធានការ​ការពារ​វីរុស​កូវីដ ១៩ ដែល​រាជរដ្ឋាភិបាល​ខ្លួន​បាន​ចែង ។ ពួកគេ​បាន​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃណី​ធម្មតា ដែល​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្ថិត​ក្រោម​ហានិភ័យ​ខ្ពស់ ។

ភ្លាមៗក្រុម​កង​កម្លាំង​ប្រឆាំង​វីរុស​កូវីដ ១៩ នៃ​តំបន់ Sidarjo បាន​ចាត់​វិធានការ ដោយ​តាម​រក​អ្នក​ដែល​បាន​ចូលរួម​សកម្មភាព​ទាំង​នេះ​នៅ​ក្នុង​ភូមិ​នោះ ។ ក្រៅ​ពី​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ចំនួន ១៥ នាក់ មនុស្ស​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កត់​ទុក​ជា​អ្នក​ជំងឺ​ស្ថិត​ក្រោម​ការ​តាមដាន ។

តាម​លទ្ធផល​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា ៤៥ ករណី​ថ្មី​ត្រូវ​បាន​រក​ឃើញ ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​ប្រចាំ​ថ្ងៃ​ដែល​បាន​កើន​ឡើង​ក្នុង​តំបន់​នេះ ។ លទ្ធផល​ចុង​ក្រោយ ភូមិ​មួយ​នេះ​ត្រូវ​បាន​បិទ​ការ​ចេញ​ចូល ដើម្បី​ជា​ការ​បញ្ចៀស​ការ​រាលដាល​ឆ្លង​នៃ​វីរុស​កូវីដ ១៩ ៕

ប្រភព៖ WorldOfBuzz

អត្ថបទដែលជាប់ទាក់ទង