ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ផ្នែក​អាកាសធាតុ ​រំពឹងថា សីតុណ្ហភាព​នឹង​កើន​ខ្ពស់​ជាង​ធម្មតា ​នៅ​ក្នុង​រយៈពេល ៣ ខែ​ខាង​មុខ…..

(អន្តរជាតិ)៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ផ្នែក​អាកាសធាតុ ​រំពឹងថា សីតុណ្ហភាព​នឹង​កើន​ខ្ពស់​ជាង​ធម្មតា ​នៅ​ក្នុង​រយៈពេល ៣ ខែ​ខាង​មុខ ​ទោះ​បី​ជា​មិន​មាន​វត្តមាន​បាតុភូត El Nino ដែល​ជា​បាតុភូត​ធម្មជាតិ​មួយ ​អាច​បង្កើន​សីតុណ្ហភាព​សកលលោក​ក៏ដោយ ។

អង្គការ​ឧតុនិយម​ពិភពលោក​ បាន​ឲ្យ​ដឹងថា ខែ​មេសា ​ឆ្នាំ២០២០កន្លងមកនេះ ​មិនមាន​បាតុភូត El Nino កើត​ឡើងទេ ប៉ុន្តែ​ជា​ខែ​ដែល​ក្តៅ​បំផុត ​ដូច​កាលពី​ខែ​មេសា ឆ្នាំ២០១៦ ដែល​នៅ​ពេល​នោះ​មាន​បាតុភូត El Nino ខ្លាំងក្លា និងមាន​ការ​ប្រែប្រួល​អាកាសធាតុ​ផងដែរ ។

អ្នក​នាំ​ពាក្យ​អង្គការ​ឧតុនិយម​ពិភពលោក​អ្នកស្រី Claire Nullis បានថ្លែងថា បណ្តាឆ្នាំ​ក្រោយ​ពី​ឆ្នាំ២០១៦ មាន​សីតុណ្ហភាព​ក្តៅ ​ដោយ​ពុំ​មាន​បាតុភូត El Nino ​ក្នុង​នោះ​មាន​ឆ្នាំ ២០១៩ ដែល​ជា​ឆ្នាំ​ក្តៅ​បំផុត​ទី២ ក្នុង​ប្រវត្តិសាស្ត្រ ។ អ្នកស្រី​កត់​សម្គាល់​ថា និន្នាការ​នេះ​នឹង​បន្ត​នៅ​ឆ្នាំ ២០២០ នេះ​ដែរ ។

អ្នកស្រី Nullis ថ្លែងថា៖ «សីតុណ្ហភាព​សកល​លោក ​នៅ​ខែ​មករា កុម្ភៈ និង​មីនា ​ក៏​មាន​សភាព​ក្តៅ​ខ្លាំង​បំផុត​ទី១ និង​ទី២ ផងដែរ ។ ដូច្នេះយើង​ឃើញ​ថា ឥទ្ធិពល​របស់​មនុស្ស​ទៅ​លើ​អាកាសធាតុ ​មាន​ភាព​កាន់តែ​ខ្លាំងក្លា​ជាង​មុន» ។ អង្គការ​នេះ​ថា រលក​កម្តៅ​កំពុង​កើនឡើង ​ដោយសារ​តែ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​វា​កំពុងតែ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ​ទៅ​លើ​បាតុភូត​ធម្មជាតិ​នានា ដូចជា ​ព្យុះ​ស៊ីក្លូន និង​ភ្លៀងធ្លាក់​ខ្លាំង​ជាដើម ។ ឧទាហរណ៍ ទ្វីប​អាហ្វ្រិក​ខាង​កើត ​កំពុង​ទទួល​រង​ការ​ធ្លាក់​ភ្លៀងខ្លាំងក្លា និង​បញ្ហា​ទឹក​ជំនន់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ ។

អ្នកស្រី Nullis បានលើកឡើង​ថា ការត្រៀម​លក្ខណៈ​ទប់ទល់ និង​ការ​គ្រប់គ្រង​ផល​ប៉ះពាល់ ​ដែល​បណ្ដាល​មក​ពី​បញ្ហា​អាកាសធាតុ​អាក្រក់ បាន​ក្លាយជា​បញ្ហា​កាន់តែ​ពិបាក​ដោះស្រាយ​ ដោយសារ​តែ​ជំងឺ​កូវីដ១៩ ។

អ្នកស្រី​ពន្យល់​ថា បណ្តា​ប្រទេស​នានា ​មិន​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​គ្រប់គ្រាន់ ​ទៅ​លើ​ប្រព័ន្ធ​ព្រមាន​ជា​មុនអំពី​បញ្ហា​នេះ​ឡើយ ដោយសារ​តែ​ជំងឺ​រាតត្បាត ។ អ្នកស្រី Nullis ថ្លែងថា៖ «យើង​ត្រូវការ​ប្រព័ន្ធ​ព្រមាន​ជាមុន​ ដើម្បី​ទប់ទល់​នឹង​ព្យុះ​កំណាច និង​រលក​កម្តៅ​នានា ពីព្រោះ​តែ​បញ្ហា​ទាំងនេះ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា ។

បញ្ហា​ទាំង​នេះ​មាន​ផលប៉ះពាល់​ខ្លាំង​ ហើយ​ជំងឺ​កូវីដ​១៩ ​ឥឡូវ​នេះ​ក៏​ជា​បញ្ហា​គ្រោះថ្នាក់​មួយ ​ក្នុង​ចំណោម​បញ្ហា​ទាំង​នេះ​ផង​ដែរ» ។ មកដល់ពេលនេះ មានប្រទេស និងដែនដីចំនួន ២១៣ នៅលើពិភពលោក កំពុងទទួលរងឥទ្ធិពលនៃមេរោគកូវីដ១៩ ដែលមានអ្នកឆ្លងសរុប ៤ ៨៩០ ០០០ករណី មានអ្នកស្លាប់សរុប ៣២០ ១៣៤ នាក់ និងព្យាបាលជាសះស្បើយ ចំនួន ១ ៩០៧ ៣៦១ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង