វិភាគអន្តរជាតិ ៖ ចិនចាំបាច់ត្រូវប្រុងប្រៀប សំរាប់ការបង្កហេតុមិនឈប់ឈរ ពីសហរដ្ឋអាមេរិក

(អន្តរជាតិ)៖ មេដឹកនាំភាគតិចនៃសភាសហរដ្ឋអាមេរិក Kevin McCarthy បានប្រកាសថា ការបង្កើតជា “ក្រុមពិសេសអំពីចិន” ដឹកនាំដោយបក្សសាធារណរដ្ឋ មានគោលដៅដោះស្រាយការគំរាមកំហែងភូមិសាស្ត្រនយោបាយដែលគិតថាចេញមកពីក្រុងប៉កាំង។ ការបង្កើននូវភាពអមិត្តចំពោះចិន និងការរិះគន់ចិន ដោយសារតែការឆ្លើយតបយ៉ាងខ្ជីខ្ជារបស់រដ្ឋបាលសហរដ្ឋអាមេរិកចំពោះជំងឺឆ្លងបណ្តាលពីវីរុសកូរ៉ូណា បានក្លាយទៅជាយុទ្ធសាស្ត្រយុទ្ធនាការស្នូលនៃគណបក្សសាធារណរដ្ឋ។ មិនមានអ្នកណាម្នាក់ពីគណបក្សប្រជាធិបតេយ្យចូលរួមក្នុង ក្រុមពិសេសនេះទេ ។ រដ្ឋាភិបាលលោក ត្រាំម៍ សមាជិកសភាពីបក្សសាធារណរដ្ឋ និងបណ្តាញសារព័ត៌មានអភិរក្សដែលគាំទ្រ លោក ត្រាំម៍ ថ្មីៗ នេះ បានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាជាច្រើនលើប្រទេសចិន ដែលច្បាស់ណាស់ថា ជា ផ្នែកមួយនៃយុទ្ធសាស្ត្រយុទ្ធនាការរបស់គណបក្សសាធារណរដ្ឋនោះឯង ។

ប្រការនេះ បានធ្វើអោយជនចិនមួយចំនួនមានការយល់មិនច្បាស់ថា តើរលកនៃការប្រឆាំងចិននេះ ជាការរៀបចំដើម្បីជួយអោយលោក ត្រាំម៍ ឈ្នះឆ្នោតជាថ្មីឬយ៉ាងណា? តើវានឹងសាបរលាបទៅភ្លាម ពេលដែលការបោះឆ្នោតវាកន្លងផុតទៅឬទេ? យើងមិនអាចស្ថិតនៅក្រោមការស្រពិចស្រពិលបែបនេះបានទេ ។ ភាពអមិត្តប្រឆាំងចិន បាននិងកំពុងតែ សាយភាយនៅក្នុងសង្គមសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។ រលកកំពុងតែបោកបក់ប្រឆាំងចិន ពិតណាស់កំពុងតែមានគោលដៅជួយអោយ លោក ត្រាំម៍ ជាប់ឆ្នោតជាថ្មី តែវាក៏ស្របគ្នាជាមួយមនោគមន៍វិជ្ជាសហរដ្ឋអាមេរិកដែរ ។ វានឹងជួយអោយភាពអមិត្តចំពោះចិនកាន់តែពុះក្តៅគគុក ។

សហរដ្ឋអាមេរិក នឹងបន្ត ឬធ្វើការកែសម្រួលខ្លះៗ ដល់គោលនយោបាយចិនបច្ចុប្បន្ន បន្ទាប់ពីការបោះឆ្នោត តែមិនអាចដូរផ្លាស់ទាំងស្រុងទេ ។ មិនថា ឬមួយ ត្រាំម៍ ឬមួយ ចូ បៃឌឹន ជាប់ឆ្នោតទេ យុទ្ធនាការ “ចាប់ចិនអោយទទួលខុសត្រូវ” នឹងនៅតែបន្ត។ វាបានក្លាយជាវិធីមួយដើម្បីចលនាសង្គមសហរដ្ឋអាមេរិក ក្នុងការប្រកួតប្រជែងរបស់ខ្លួនជាមួយចិន។ សូម្បីតែគណបក្សប្រជាធិបតេយ្យចូលទៅកាន់អំណាចក៏ដោយ បក្សនោះក៏ពិតជានឹង “ចាប់ចិនអោយទទួលខុសត្រូវ” ដូចតែរដ្ឋបាល ត្រាំម៍ កំពុងតែធ្វើដូចគ្នាដែរ ។ ការងើបឡើងរបស់ចិន កំពុងតែបណ្តាលអោយក្រុមអ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន បោះបង់ការគិតពិចារណាអំពីហេតុផល។ ការវិនិច្ឆ័យជាមូលដ្ឋានរបស់ពួកគេបានប្រែផ្លាស់ទំរង់ហើយ។

គេនិយាយបំផ្លើសអំពី “ការគំរាមកំហែងរបស់ចិន” ដើម្បីជម្រុញអោយធ្វើសកម្មភាពយ៉ាងកំរោល ដោយគួបផ្សំគ្នានូវការព្រួយបារម្ភ និងភាពក្រអឺតក្រទម។ ការវាយប្រហារចិន បានក្លាយបន្តិចម្តងៗ ទៅជា “ភាពត្រឹមត្រូវខាងនយោបាយ” នៅសហរដ្ឋអាមេរិក ដែលវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការយល់ជាសត្យានុម័តនៃសង្គមសហរដ្ឋអាមេរិក នូវបញ្ហាពាក់ព័ន្ធជាមួយចិន ។ ប្រព័ន្ធរបស់ចិន មានភាពខុសគ្នាពីប្រព័ន្ធរបស់សហរដ្ឋអាមេរិក។ ប្រទេសទាំងពីរ មានការផ្តោតយកចិត្តទុកដាក់ខុសគ្នាលើបញ្ហាជាច្រើន ។ តែសហរដ្ឋអាមេរិកមានផលប្រយោជន៍យ៉ាងជ្រាលជ្រៅក្នុងការរកកំហុសរបស់ចិន ផ្អែកតាមការអោយតម្លៃរបស់សហរដ្ឋអាមេរិក។ នេះមិនមែនមកតែពីអាមេរិកចង់វាយប្រហារចិនជាអន្តរជាតិទេ ប៉ុន្តែពីព្រោះតែញាណរបស់ពួកគេអំពីភាពជាឧត្តម្ភលើសគេលើសឯងតែប៉ុណ្ណោះ ។

ជំងឺឆ្លងបណ្តាលពីរីរុសកូរ៉ូណា បានបង្ហាញពីភាពខ្វះខាតជាច្រើននៃប្រព័ន្ធរបស់សហរដ្ឋអាមេរិក តែក្រុមអ្នកធំ/ឥស្សរជនសហរដ្ឋអាមេរិកនៅតែមានការពេញចិត្ត ហើយជំទាស់មិនឆ្លុះបញ្ចាំងមើលនូវការបរាជ័យរបស់ខ្លួនទេ ។ ពួកគេកំពុងតែកាន់កែវពង្រីកដើម្បីស្បែងរកកំហុសរបស់ចិន។ សំដីមួយឃ្លានៃអ្នកការទូត ឬពាក្យមួយម៉ាត់នៃសារព័ត៌មានធំណាមួយរបស់ចិន អាចនឹងត្រូវបានបកស្រាយភ្លាមៗ ហើយក្លាយជា “អំពើបាប” នៃក្រុងប៉េកាំង។ ក្នុងពេលជាមួយគ្នា ចិននៅតែមានការឃុំគ្រងខ្លួនឯង។

សហរដ្ឋអាមេរិក តែងតែជាអ្នកដែលបង្កសង្គ្រាមមតិសាធារណ រវាងប្រទេសទាំងពីរ។ អ្នកដែលមានសម្លេងប្រឆាំងចិនខ្លាំងជាងគេ គឺប្រធានាធិបតីសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេស និងសមាជិកសភាមួយចំនួន ខណៈដែលនៅក្នុងករណីប្រទេសចិនវិញ ភាគច្រើនបំផុតគឺ អ្នកនាំពាក្យក្រសួងការបរទេស និងសារព័ត៌មានធំៗ តែប៉ុណ្ណោះ ដែលឆ្លើយតបទៅនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិក ។

ចិនត្រូវតែចាំបាច់ប្រុងប្រៀបសំរាប់ការប្រឈមរយៈពេលយូរអង្វែង។ ទីមួយ យើងត្រូវតែពង្រឹង និងលើកកំពស់បច្ចេកវិជ្ជាវិទ្យាសាស្ត្រជាស្នូល និងអំណាចជាយុទ្ធសាស្ត្រខាងយោធា។ និន្នាការបច្ចុប្បន្នបង្ហាញថា សហរដ្ឋអាមេរិក នឹងប្រឹងប្រែងច្របាច់កចិន ជាមួយនឹងការរឹតបន្តឹងការនាំចេញបច្ចេកវិជ្ជា។

ចិន ត្រូវតែប្រកាន់យកគោលការណ៍ជាមូលដ្ឋានរបស់ខ្លួន និងប្រុងប្រៀបសំរាប់សេណារីយោអាក្រក់បំផុត នៅក្នុងរឿងនេះ។ ទោះបីជា ប្រៀបរបស់សហរដ្ឋអាមេរិក គិតពីកម្លាំងយោធាសាមញ្ញ កំពុងតែចុះខ្សោយបើធៀបជាមួយចិនក៏ដោយ ក៏ឧត្តមភាពរបស់សហរដ្ឋអាមេរិកក្នុងផ្នែកអាវុធនុយក្លេអ៊ែរនៅតែមានភាពលើសលប់ ដែលនោះជាសរសស្តម្ភធំបំផុត ក្នុងការពង្រឹងភាពក្រអឺតក្រទមខាងយោធារបស់សហរដ្ឋអាមេរិកចំពោះចិន។ ដោយហេតុនេះ វាជាភារកិច្ចមួយបន្ទាន់សំរាប់ចិន ក្នុងការពង្រីកគំនរអាវុធនុយក្លេអ៊ែរ ហើយពង្រឹងសមត្ថភាពវាយលុកជាយុទ្ធសាស្ត្ររបស់ខ្លួន​ ។ ចិនត្រូវប្រកាន់ចំហមួយ គឺត្រូវតែពង្រឹងលទ្ធភាពរបស់យើង ក្នុងការបង្រួបបង្រួមប្រទេសផ្សេងៗទៀត នៅជុំវិញពិភពលោក រាប់ទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផង ។ មកដល់ចំណុចចុងក្រោយនេះត្រូវតែពង្រីកផលប្រយោជន៍រួមជាមួយប្រទេសទាំងនោះ ប្រឹងប្រែងបង្រួមអោយតូច ជាជាងពង្រីកនូវការមិនចុះសម្រុងគ្នា ហើយធ្វើអោយប្រទេសទាំងនោះជឿថា ចិនដែលមានកម្លាំងខ្លាំង នឹងនៅជាផលប្រយោជន៍ជាតិរបស់ពួកគេ ហើយថា ការមិនចុះសម្រុងគ្នាដែលមានក្នុងពេលបច្ចុប្បន្ន មិនរារាំងជាឧបសគ្គដល់ការគោរពគ្នាទៅវិញទៅមករបស់ពួកយើងទេ ។ ចិនក៏ត្រូវធ្វើការកែសំរួលចិត្តសាស្ត្រមួយចំនួនដែរ ។ វាមិនអាចទេ ដែលអោយទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក វិលទៅដូចពីអតីតកាលវិញ តែវានៅតែអាចនៅឡើយដើម្បីនឹងជៀសអោយផុតពីការប្រឈមមុខតាមបែបសង្គ្រាមត្រជាក់ ។

ប្រជាជនចិនគួរតែជៀសពីការដែលត្រូវបានរង្គៀសចិត្តដោយសារតែការបង្កហេតុរបស់សហរដ្ឋអាមេរិក ។ ចិនត្រូវតែមានសេចក្តីអំណត់ ដើម្បីធ្វើការទប់ទល់នឹងល្បិចនានាជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ជាអ្នកដែលកំពុងតែមានការក្រពុលមុខ។ ចិនគួរតែឆ្លើយតបទៅការបង្កហេតុទាំងឡាយរបស់សហរដ្ឋអាមេរិក តាមរបៀបដែលមានហេតុផល មានពលានុភាព និងដោយមានភាពអត់ធ្មត់ ដែលទាំងអស់នេះនឹងបង្ហាញយ៉ាងល្អបំផុតពីទំនុកចិត្តរបស់ចិន ។ ប្រជាជនចិន នៅក្នុងឱកាសជាច្រើនមកហើយ ត្រូវការការបង្ហាញនូវការឃាត់ចិត្ត/អត់ធ្មត់ដ៏ធំធេង។

នៅពេលដែលសហរដ្ឋអាមេរិកបង្កហេតុជាញឹកញយចំពោះចិន មានប្រទេសមួយចំនួនក៏អាចនឹងប៉ុនប៉ងដើម្បីឆ្លៀតឱកាសបង្កើនការតថ្លៃក្នុងការដោះស្រាយបញ្ហាជាមួយចិន។ នៅក្នុងកាលៈទេសៈបែបនេះ ចិនត្រូវការធ្វើអោយមានការឆ្លើយតបអោយបានត្រឹមត្រូវ ឬអត់អោនអោយដោយប៉ិនប្រសប់ដល់ពួកគេ។ ជាមហាអំណាចធំបំផុតទីពីរនៃពិភពលោក មិនមែនជាការងាយទេ ហើយពេលខ្លះក៏មិនស្រួលដូចជាប្រទេសមួយខ្សោយ ដែលមិនរងការគំរាមកំហែងដែរ ។ មិនមានអ្វីអោយសង្ស័យទេថា ចិន បានផ្តើមគំនិតលើរឿងរ៉ាវជាច្រើន ហើយយើងនៅតែរក្សាភាពស្ងប់ស្ងៀម ក្នុងពេលត្រូវតទល់នឹងការប្រឈមជាច្រើន នៅលើផ្លូវទៅមុខរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង