សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាមួយថ្នាំញៀនទម្ងន់ជាង៤០ក្រាម

(បាត់ដំបង)៖ កំលាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើស
ជាក់ស្តែង ។

លោកវរសេនីយ៍ទោ សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការនេះដែរធ្វើឡើងកាលពីវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិគោកក្តួច
ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ គឺទី១.ឈ្មោះ រិន ចាន់ណាន ភេទប្រុស អាយុ៣៣ឆ្នាំ និងទី២.ឈ្មោះ រិន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ។ ទាំងពីរនាក់មានទីលំនៅក្នុងក្រុមទី០៥ ភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជាមួយវត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ៤៧,៧៦ក្រាម ,ទូរស័ព្ទដៃចំនួន០២គ្រឿង ,ម៉ូតូចំនួន០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនល្មើសនិងវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង