អ្នកឆ្លងកូវី១៩ទូទាំងសកលលោក កើនដល់ជិត៤.៨លានករណី ខណៈដែលរុស្សីឈរនៅលំដាប់ទី២ បន្ទាប់ពីអាម៉េរិក ដែលមានអ្នកឆ្លងច្រើនជាងគេ!

(អន្តរជាតិ)៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៦ និង០០នាតីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៧៩៥,៥៣១ ករណីហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៣១៦,៤០១នាក់ និងជាសះស្បើយឡើងវិញមានជាង ១.៨លាននាក់។

ជាមួយគ្នានឹងការឆ្លងរីករាលនៃវីរុសដ៏កាចសាហាវមួយនេះ តួលេខដដែលខាងលើ បានបង្ហាញថា សហរដ្ឋអាម៉េរិក ឈរនៅលំដាប់ទី១ ដែលមានអ្នកឆ្លង កូវីដ១៩ ច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក បានរកឃើញអ្នកឆ្លងសរុបជា១.៥លាននាក់ ក្នុងនោះអ្នកជំងឺជាង ៩ម៉ឺននាក់ បានស្លាប់ និងជាង៣៤ម៉ឺន បានជាសះស្បើយ។

សូមបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ រុស្ស៊ី វ៉ាដាច់អេស្ប៉ាញ ក្លាយជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេលំដាប់ទី២ លើពិភពលោក។

តួលេខបានបង្ហាញថា  នៅប្រទេសរុស្សីអ្នកឆ្លងសរុបកើនដល់ ២៨១,៧៥២នាក់ ដែលធ្វើឱ្យរុស្ស៊ី វ៉ាដាច់អេស្ប៉ាញ ឡើងទៅឈរ លេខរៀងទី២ ក្នុងនាមជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេនៅលើពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិក ដែលកំពុងឈរនៅ កំពូលតារាងផងដែរ។

បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី បានឲ្យដឹងថា អ្នកស្លាប់ដោយសារ COVID-19 បានហក់ឡើងដល់ ២,៦៣១នាក់ ក្រោយអ្នកស្លាប់ថ្មី ៩៤នាក់ ខណៈ៦៧,៣៧៣នាក់ ជាសះស្បើយឡើងវិញ និងមនុស្សជិត ៦.៩លាននាក់ បានទទួលការធ្វើតេស្ដរកជំងឺឆ្លងរាតត្បាត សកលដ៏កាចសាហាវមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង