រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមផ្សព្វផ្សាយពីយុទ្ធនាការពាក់ម៉ាស់ទៅកាន់ប្រជាជន​ និង ផាកពិន័យចំពោះអ្នកដែលធ្វើដំណើរមិនពាក់ម៉ាស់

រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមផ្សព្វផ្សាយពីយុទ្ធនាការពាក់ម៉ាស់ទៅកាន់ប្រជាជននៅតាមតំបន់នានា ដោយមានគោលការណ៍ផាកពិន័យចំពោះអ្នកដែលធ្វើដំណើរដើរហើតចេញទៅទីសាធារណៈដោយមិនពាក់ម៉ាស់ ។

ការធ្វើយុទ្ធនាការនេះបានចាប់ផ្តើមតាំងពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០ តាមរយៈការចែកជូននូវម៉ាស់ក្រណាត់ដោយឥតគិតថ្លៃ ក៏ដូចជាណែនាំប្រជាពលរដ្ឋអំពីសារប្រយោជន៍នៃការពាក់ម៉ាស់ និង ប្រាកដថាមនុស្សគ្រប់គ្នាមានម៉ាស់ពាក់ ដោយមិនមានការតម្លើងថ្លៃពីអ្នកលក់ ។

បើយោងទៅតាម  Kyaw San Myint សមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍ប្រចាំទីក្រុង Mandalay (Mandalay City Development Committee) បានឱ្យដឹងថា «បុគ្គលិកពី MCDC បានចុះទៅកាន់ទីផ្សារដើម្បីឱ្យច្បាស់ថាអ្នកលក់ និង អ្នកទិញពាក់ម៉ាស់បានត្រឹម ។ សម្រាប់អ្នកដែលមិនបានពាក់ម៉ាស់នឹងត្រូវផាកពិន័យ ១០០ kyats ស្មើនឹង ០,៧២ ដុល្លារ ហើយផ្តល់ឱ្យពួកគេវិញនូវម៉ាស់ចំនួន ២ ដែលពួកគេអាចពាក់នៅនឹងកន្លែង»

យ៉ាងណាមិញពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១៥ គឺជាពេលវេលានៃការអប់រំប្រជាជននៅឡើយ ប៉ុន្តែចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ តទៅការផាកពិន័យនឹងមានការកើនឡើង ពី ០,៧២ ដុល្លារ ទៅជា ៣,៥៧ ដុល្លារវិញ ដោយនៅតែឱ្យម៉ាស់ ២ ដដែលបន្ទាប់ពីផាកពិន័យ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០ ប្រទេសមីយ៉ានម៉ាមានករណីឆ្លងកូវីដ ១៩ សរុបចំនួន ១៨០ ករណី ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៧២ នាក់ និង អ្នកស្លាប់ចំនួន ៦ នាក់ផងដែរ ៕

 

ប្រភព៖ The Irrawaddy 

អត្ថបទដែលជាប់ទាក់ទង