រថយន្តមួយគ្រឿង ត្រូវបានអ្នកយាមដីឃើញចតចោលក្នុងដីចម្ការរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

(កណ្តាល) ៖ រថយន្តមួយគ្រឿង ត្រូវបានអ្នកយាមដីឃើញចតចោលក្នុងដីចម្ការរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាលតាំងពីខែមេសា រហូតដល់មានការសង្ស័យទើបរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាននៅថ្ងៃអាទិត្យទី ១០ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១០ និង៣០នាទីព្រឹកឱ្យបានជ្រាប ។

ប៉ូលិសនិយាយថា ភិនភាគរថយន្ដម៉ាក FORD RANGER ពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ០១គ្រឿង គ្មានស្លាកលេខចង្កូតស្ដាំ មានបែកចង្គៀងមុខខាងឆ្វេង មានតង់ជរ័សម្រាបគ្របពីលើជិត។

យោងតាមការបំភ្លឺរបស់ឈ្មោះព្រំ គីមសេង ភេទស្រីអាយុ៤៧ឆ្នាំ ជាអ្នកចាំដីបានឱ្យដឺងថា ខ្លួនបានឃើញរថយន្ដនេះនៅចតចោល នៅក្នុងដីនេះចាប់តាំងពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០មក តែគាត់នឹកស្មានតែរថយន្តក្រុម«ឯកឧត្ដមឬរថយន្ដរបស់មេជាងសំណង់ ដែលកំពុងធ្វើសំណង់នៅក្នុងដីនេះ ម៉្លោះហើយក៏មិនបានសួរនាំដែរ»។

លុះដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ គាត់បានចូលទៅបើកតង់មើលឃើញបែកចង្កៀងមុខខាងឆ្វេង រួចក៏បានទូរស៏ព្ទរាយការជូនលោកស៊ុន ចាន់ថុល ។ នៅពេលនោះលោកបានឱ្យរាយការណ៍ជូនសមត្ថកិច្ច រួចក៏បានរាយការជូនមេឃុំ ។ លុះថ្ងៃទី១០ ខែឧសភា ឆញនាំ២០២០ ទើបមេឃុំកោះធំខ ប្រាប់ប៉ូលិសប៉ុស្ដិ៍កោះធំខ ចុះមកពិនិត្យ ។

ក្រោយពីប៉ូលិសស្រុក ប៉ុស្ដិ៍ និងមេឃុំ ចុះមកពិនិត្យដល់កន្លែងរថយន្ដ ឃើញរថយន្ដមានភិនភាគដូចខាងលើនិងបានចាក់សោបិទគន្លឹសជាប់ ហើយរាយការណ៍បន្តទៅខេត្តបានជ្រាប។ជុំវិញករណីនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកម្ចាស់ ហើយនៅពុំទាន់បានសន្និដ្ឋានយ៉ាងណានៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង