សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៣នាក់រួមនិងថ្នាំញៀនជាង៣០០ក្រាម !

(បាត់ដំបង)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការបង្ក្រាបករណីរក្សាទុកថ្នាំញៀនក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ទោ សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង ១៦និង២០នាទី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅចំនុចក្រុមទី០៥ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សន សឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអូរថ្មី ឃុុពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
និងរិបអូសបានវត្ថុតាងរួមមានៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០១ថង់ទម្ងន់១០០,៩៦ក្រាមនិងទូរស័ព្ទដៃចំនួន០១គ្រឿង។

ឆ្លងតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ សន សឿន និងដោយមានការអនុញ្ញាតិពីលោក នួន សាន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តផងនោះ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ដែលទី១-ឈ្មោះ ភាន ស្រីល័ក្ខ ភេទស្រី អាយុ ៣៣ឆ្នាំ និងទី២-ឈ្មោះ គង់ ហ៊ុយឡេង ភេទប្រុស អាយុ៣៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជាមួយវត្ថុតាងចាប់យកបានរួមមានៈ ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន (ម៉ាទឹកកកICE)ចំនួន១៤ថង់ទម្ងន់ ២៤៧,៩៤ក្រាមុំ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន០៧គ្រាប់ ទម្ងន់ ០,៦៤ក្រាម និងទូរស័ព្ទដៃចំនួន០១គ្រឿងផងដែរ។

ក្រោយធ្វើការឃាត់ខ្លួនសាកសួរ ជនសង្ស័យទាំងបីនាក់រួមនឹងវត្ថុតាងថ្នាំញៀនទម្ងន់ជាង៣០០ក្រាមរហូតមកដល់នេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការថ្ងៃស្អែកនេះចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង