លោកបារ៉ាក់ អូបាម៉ា បានរិះគន់យ៉ាងខ្លាំងចំពោះអ្នកស្នងតំណែងប្រធានាធិបតីបន្តពីលោក គឺលោកដូណាល់ត្រាំជុំវិញការដោះស្រាយវិបត្ដិមេរោគកូរ៉ូណា

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ BBC នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានរិះគន់យ៉ាងខ្លាំងចំពោះអ្នកស្នងតំណែងប្រធានាធិបតីបន្តពីលោក គឺលោកដូណាល់ត្រាំជុំវិញការដោះស្រាយវិបត្ដិមេរោគកូរ៉ូណា។

នៅក្នុងសុន្ទរកថាសន្និសីទឯកជនមួយ នៅក្នុងជំនួបមួយតាមរយៈវីដេអូខុនហ្វេរិន កាលពីថ្ងៃសុក្រកន្លងនេះ ជាមួយអតីតមន្ត្រីនៃរដ្ឋបាលរបស់លោកជាង ៣,០០០នាក់ លោកបានហៅការដោះស្រាយរបស់អាមេរិកពាក់ព័ន្ធនឹងជម្ងឺរាតត្បាតនេះថាជា “ គ្រោះមហន្តរាយដ៏វឹកវរមួយ” ។

លោក អូបាម៉ា បានលើកឡើងដូច្នេះថា វាគឺជាភាពវឹកវរដ៏មហន្តរាយ… អ្វីដែលយើងកំពុងប្រយុទ្ធជាមួយ មិនមែនត្រឹមតែវីរុសនោះទេ តែយើងក៏កំពុងប្រយុទ្ធប្រឆាំងផងដែរនឹងភាពអាត្មានិយម,បក្ខពួក,ការបែកបាក់, និងការមើល ឃើញអ្នកដទៃជាសត្រូវ…ហើយទាំងនេះអាចជាហេតុផលមួយដែលធ្វើឱ្យការដោះស្រាយវិបត្តិសកល COVID-19 មានភាពទន់ខ្សោយ។

បន្ថែមពីលើនេះ នៅក្នុងជំនួបតាមវីដេអូខុនហ្វេរិននោះ លោក អូបាម៉ា ក៏បានអំពាវាវផងដែរឱ្យអ្នកគាំទ្ររូបលោក ផ្ដល់ការគាំទ្រដល់បេក្ខជនប្រធានាធិបតី អាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលត្រូវបានគេរំពឹងខ្ពស់ថា នឹងក្លាយជាគូប្រជែងដណ្ដើមកៅអីប្រធានាធិបតីជាមួយ លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា បើតាមគេហទំព័រ worldometers គិតត្រឹមរសៀលនេះ សហរដ្ឋអាមេរិក រកឃើញអ្នកឆ្លង COVID-19 ១,៣៤៧,៣១០នាក់ ក្នុងនោះស្លាប់ ៨០,០៣៧នាក់ និងជាសះស្បើយឡើងវិញ ២៣៨,០៨០នាក់។

ចំណែកឯកាលពីម្សិលមិញ តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ឲ្យដឹងថា ជំនួយការផ្ទាល់របស់កូនស្រីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ានកា ត្រាំ (Ivanka Trump) ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19។

ព័ត៌មាននេះបានលិចលឺក្នុងថ្ងៃតែមួយ នៅពេលដែលអ្នកនាំពាក្យរបស់អនុប្រធានាធិបតី ម៉ៃក៍ ភែន គឺលោកស្រី ខេធី មីល្លឺ (Katie Miller) ក៏ត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺរាតត្បាតសកលមួយនេះដូចគ្នាដែរ។ ប្រការនេះកំពុងបង្កក្តីបារម្ភ អំពីលទ្ធភាពនៃការឆ្លងរាលដាលនៅក្នុងសេតវិមាន៕

អត្ថបទដែលជាប់ទាក់ទង