ជំនួយការម្នាក់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឆ្លង COVID-19 ឥឡូវនេះមន្រ្តីជំនិតម្នាក់របស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ក៏បានធ្វើតេស្តវិជ្ជមានផងដែរចំពោះវីរុសដ៏កាចសាហាវនេះ!

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមានដំណឹងថា ជំនួយការម្នាក់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឆ្លង COVID-19 ឥឡូវនេះមន្រ្តីជំនិតម្នាក់របស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) ក៏បានធ្វើតេស្តវិជ្ជមានផងដែរចំពោះវីរុសដ៏កាចសាហាវនេះ។ ប្រការនេះកំពុងបង្កក្តីបារម្ភអំពីលទ្ធភាពនៃការឆ្លង រាលដាលនៅក្នុងសេតវិមាន ប៉ុន្តែយោងទៅតាមលទ្ធផលធ្វើតេស្ត ចុងក្រោយបំផុតគឺលោក ត្រាំ និងលោក ភែន ពុំបានឆ្លងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

មន្រ្តីនៅសេតវិមានខាងលើ ដែលទើបធ្វើតេស្តវិជ្ជមាន COVID-19 គឺលោកស្រី ខេធី មីល្លឺ (Katie Miller) ដែលជាអ្នកនាំពាក្យផ្ទាល់របស់លោក ភែន និង ជាភរិយានៃទីប្រឹក្សាអន្តោប្រវេសន៍របស់លោក ត្រាំ នៅសេតវិមានគឺលោក ស្ទេវហ្វិន មីល្លឺ (Stephen Miller)។ លោក ដូណាល់ ត្រាំ គឺជាអ្នកដែលបានប្រកាសពីដំណឹងនេះនៅថ្ងៃសុក្រសប្តាហ៍នេះ គឺមួយថ្ងៃបន្ទាប់ពីមានព័ត៌មានថា ជំនួយការលោកម្នាក់ ក៏បានធ្វើតេស្តវិជ្ជមាន COVID-19 ផងដែរ។ បើតាមលទ្ធផលធ្វើតេស្តចុងក្រោយ លោក ត្រាំ និងលោក ភែន សុទ្ធតែមិនបានឆ្លងជំងឺនេះឡើយ។

គួរជម្រាបថា ការរកឃើញករណីឆ្លងបន្តបន្ទាប់គ្នានេះ កំពុងការជាក្តីបារម្ភកាន់តែខ្លាំងឡើង អំពីលទ្ធភាពនៃការឆ្លងរាល COVID-19 នៅក្នុងចំណោមបណ្តាមន្រ្តីនៅសេតវិមាន ដែលអាចបង្កហានិភ័យដល់សុវត្ថិភាព លោកប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក ដែលកំពុងតែ ដឹកនាំកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19។ យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា ការធ្វើតេស្តរក COVID-19 ត្រូវបាន ធ្វើឡើងជាប្រចាំ ជាពិសេសសម្រាប់លោក ត្រាំ និងលោក ភែន តែម្តង ហើយវិធានការបង្ការផ្សេងៗ ក៏ត្រូវបានរឹតបន្តឹងឲ្យខ្លាំងជាងមុនដែរ៕

អត្ថបទដែលជាប់ទាក់ទង