ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោក Mike Pence បានធ្វើតេស្តិ៍អវិជ្ជមាន ចំពោះវីរុសកូរ៉ូណាថ្មី

(អន្តរវជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ​ នាល្ងាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោក Mike Pence បានធ្វើតេស្តិ៍អវិជ្ជមាន ចំពោះវីរុសកូរ៉ូណាថ្មី បន្ទាប់ពីសមាជិកយោធាអាមេរិកម្នាក់ ដែលធ្វើការនៅសេតវិមានបានឆ្លងវីរុសនេះ ។

អំឡុងពេលប្រជុំជាមួយអភិបាលរដ្ឋតិចសាស់ នៅការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា លោក Trump បានប្រាប់អ្នកយកព័ត៌មានថា លោកមានទំនាក់ទំនងតិចតួចជាមួយបុរសនោះហើយត្រូវបានធ្វើតេស្តជារៀងរាល់ថ្ងៃ ។ ទាំងលោក Trump និងលោក Pence មិនបានពាក់ម៉ាស ក្នុងពេលប្រជុំនោះទេ ។

មនុស្សដែលធ្វើការនៅជុំវិញលោកប្រធានាធិបតី នៅឯសេតវិមាន បានទទួលការធ្វើតេស្តជាប្រចាំចំពោះវីរុសនេះ ។ ប៉ុន្តែបុគ្គលិកភ្នាក់ងារសំងាត់ និងភ្ញៀវមិនបានពាក់ម៉ាស់ទេ នៅរបៀងខាងលិច ។

លោក ត្រាំ ថា ដូច្នេះយើងត្រូវធ្វើតេស្តម្តង ក្នុងមួយសប្តាហ៍ តែឥឡូវនេះ យើងត្រូវធ្វើតេស្តម្តងក្នុងមួយថ្ងៃ ។ កាលពីថ្ងៃទី៣ ខែមេសា សេតវិមានបាននិយាយថា អ្នកណាដែលនៅក្បែរលោក Trump ឬលោក Pence ត្រូវតែធ្វើតេស្តិ៍ជាការប្រុងប្រយ័ត្នជាមុន ។

លោក Trump ត្រូវបានគេរិះគន់ចំពោះការផ្តល់សារចម្រុះ ក្នុងកំឡុងពេលនៃការដោះស្រាយជំងឺរាតត្បាត ។ មុនពេលធ្វើដំណើរទៅរដ្ឋ Arizona ដើម្បីទៅមើលរោងចក្រផលិតម៉ាសលោកប្រធានាធិបតីបាននិយាយថា លោកទំនងជានឹងពាក់វានៅទីនោះ ។

អ្នកនាំពាក្យសេតវិមានបាននិយាយនៅមុននេះថា លោក Trump និងលោក Pence បានធ្វើតេស្តិ៍អវិជ្ជមាន ចំពោះវីរុសនេះ ។ គិតមកដល់ពេលនេះ ប្រទេសអាមេរិកឈរនៅលំដាប់កំពូលលើពិភពលោក ដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេគឺ ១​ ២៩២ ៦២៣នាក់ ចំនួនអ្នកស្លាប់សរុប ៧៦ ៩២៨នាក់ និងអ្នកជាសះស្បើយចំនួន ២១៧ ២៥០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង