ក្រសួងអនុញ្ញាតឱ្យសាលាឯកជន ប្រឡងបាក់ឌុប ឌីប្លូម តាមសាលារៀងខ្លួន មិនគិតនិន្ទេស A ​ឬ B ​ឡើយ !

តាមរយៈវីដេអូក្នុងបទសម្ភាសមួយជាមួយស្ថានីយទូរទស្សន៍ CNC ដែលទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ នេះឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថាក្រសួងបានអនុញ្ញាតឱ្យសាលាឯកជនបង្រៀនតាមប្រព័ន្ធអនឡាញ ហើយក៏អនុញ្ញាតឱ្យរៀបចំការប្រឡងមធ្យមសិក្សទុតយភូមិ និងបឋមភូមិផងដែរ ។

តាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ បានឱ្យដឹងថា ការរៀបចំការប្រឡងបឋមភូមិ និងទុតិយភូមិនេះ គឺក្នុងកម្រិតសាលា មិនមែនកម្រិតថ្នាក់ជាតិនោះទេ ។ ដូច្នេះក្រសួងអាចអនុញ្ញាតឱ្យមានការរៀបចំការប្រឡងបាន ។

ឯកឧត្ដម ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើយើងប្រឡងត្រឹមកម្រិតសាលា យើងអាចដំណើរការបានទាំងកម្រិតបឋមភូមិ និងទុតិយភូមិ ។ ដូច្នេះក្រសួងនឹងពិនិត្យមើលនៅពេលដែលរៀបចំប្រឡង យើងនឹងចុះពិនិត្យមើលនៅតាមសាលាដែលរៀបចំឱ្យមានការប្រឡង ។ ចឹងសាលានឹងត្រូវស្នើសុំក្រសួងអនុញ្ញាត ដើម្បីរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិ យើងផ្ដល់សិទ្ធិឱ្យគាត់ គាត់ស្នើសុំ យើងនឹងចុះត្រួតពិនិត្យមើលថាតើ ការរៀបចំស្តង់ដាររបៀមម៉េច ?ទទួលយកបានរបៀបម៉េច ? ធ្វើម៉េចធានានូវគុណភាព» ។

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន លើកឡើងទៀតថា សូម្បីនៅប្រទេសជឿនលឿនខ្លាំងជាងគេ ហើយនៅសាកលវិទ្យាល័យកំពូលនៅលើពិភពលោក ក៏រៀបចំការប្រឡងត្រឹមជាប់ធ្លាក់ទេ ដោយគ្មានគិតនិទ្ទេស A B C D នោះទេ ព្រោះអី? ទាំងសិស្សក៏ពិបាក ទាំងគ្រូក៏ពិបាក ហើយទាំងការរៀនសូត្រក៏មិនបានដូចធម្មតា។ ដូច្នេះការប្រឡងក្នុងបរិបទកូវីដ ១៩ នេះមិនមែនថាត្រូវតែមាននិទ្ទេស A ប៉ុន្មាននាក់ B ប៉ុន្មាននាក់ដូចមុននោះទេ ។

«ដូច្នេះក្នុងបរបិទនេះយើងក៏ត្រូវពិនិត្យមើលដែរបាទ បាទ ប៉ុន្តែត្រូវធានានូវស្ដង់ដារមួយ ។ នេះចំពោះតែសាលាឯកជន» ។ នេះបើតាមការបញ្ជាក់បន្ថែមទៀតពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ៕

អត្ថបទដែលជាប់ទាក់ទង