សម្តេចតេជោ ហ៊ុន សែន បន្តដាស់តឿននិងក្រើនរំឮកដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩

គិតមកដល់ព្រឹកថ្ងៃទី ៨ ឧសភា ២០២០ នេះកម្ពុជានៅតែមិនមានករណីថ្មី នៃជំងឺកូវីដ ១៩ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាល គឺនៅសល់ត្រឹមតែ ២ នាក់ទៀតប៉ុណ្ណោះ ។ស្របពេលដែលកម្ពុជាមិនមានករណីថ្មី នៃជំងឺនេះជាច្រើនថ្ងៃមកហើយនោះ ឃើញពលរដ្ឋខ្មែរមួយចំនួន ចាប់ផ្ដើមបន្ធូរការប្រុងប្រយ័ត្ន ការធ្វើដំណើរក៏ចាប់ផ្ដើមកកស្ទះវិញជាបណ្ដើរៗ ។

ដោយឡែកនៅព្រឹកថ្ងៃទី ៨​ ឧសភា ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានចេញសារដាស់តឿនមួយទៀតដល់ប្រជាពលរដ្ឋដូចខាងក្រោមនេះ៖«ឆ្លៀតពេលនេះ ខ្ញុំសូមដាស់តឿន និង ក្រើនរំឮកដល់បងប្អូនជនរួមជាតិ និង ក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩ ។ ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ ២ នាក់ទៀតប៉ុណ្ណោះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថាជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជា ឬ គិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់» ។

សម្ដេចនាយករដ្ឋមន្ត្រីបន្តទៀតថា៖ «មកទល់ពេលនេះទាំងកម្ពុជា និង ពិភពលោកគឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ» ។«ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬ នៅតាមបណ្តាខេត្តក្រុង ឬ ជនបទក្តី សូមបងប្អូនបន្តពាក់ម៉ាស ឬ ក្រមាការពារ និង ដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬ ទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗឱ្យបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត» ។

សូមរាយការណ៍មកក្រសួងសុខាភិបាលជាបន្ទាន់ក្នុងករណីមានការសង្ស័យណាមួយតាមរយៈលេខ ១១៥ ៕

អត្ថបទដែលជាប់ទាក់ទង